ព្រលានយន្តហោះអន្តរជាតិកម្ពុជាសម្រេចជ្រើសរើសបច្ចេកវិទ្យាអេស្បាញដើម្បីបំពេញតម្រូវការអ្នកដំណើរ

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ VINCI Airports បានសម្រេចជ្រើសរើសក្រុមហ៊ុន Amadeus Flow ដែលផ្តល់សេវាកម្ម ដំណោះស្រាយបច្ចេកវិទ្យារបស់ប្រទេសអេស្បាញ ដើម្បីបំពេញតម្រូវការអ្នកដំណើរ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Airport Technology នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

Amadeus Flow គឺជាវេទិកាបច្ចេកវិទ្យា modular airport cloud ដែលជួយគ្រប់គ្រងសេវាកម្ម អ្នកដំណើរទាំងស្ថានីយខាងក្នុង និងខាងក្រៅអាកាសយានដ្ឋាន។

ក្រុមហ៊ុនបានសម្គាល់ថា ដំណោះស្រាយបច្ចេកវិទ្យានេះ នឹងធ្វើឱ្យអាកាសយាន   ដ្ឋានកម្ពុជា អាចដាក់ពង្រាយសមត្ថភាពគ្រប់គ្រងអ្នកដំណើរថ្មី តាមInternet បានយ៉ាងឆាប់រហ័ស។

វានឹងអនុញ្ញាតឱ្យក្រុមហ៊ុន Cambodia Airports ដែលប្រតិបត្តិការលើព្រលានយន្តហោះអន្តរជាតិចំនួនបីរបស់ កម្ពុជា គ្រប់គ្រងតាមបច្ចេកវិទ្យា cloud និងផ្តល់សេវាកម្មអ្នកដំណើរពីទីតាំងណាមួយរបស់ខ្លួន។

អ្នកគ្រប់គ្រងទូទៅនៅអាកាសយានដ្ឋានភ្នំពេញលោក Hervé Bonin បានថ្លែងថា “អ្នកដំណើររំពឹងថា នឹងទទួលបានបទពិសោធន៍រលូន និងផ្លាស់ទៅប្រើប្រាស់cloud ជាមួ​យក្រុមហ៊ុន Amadeus មានន័យថា យើងអាចផ្តល់ជូនសេវាកម្មនាពេលបច្ចុប្បន្ន និងអនាគតបានយ៉ាងប្រសើរ”។

លោកបានបន្តថា “ដោយមានការចែករំលែកចក្ខុវិស័យរយៈពេលវែងរបស់យើង ក្រុមហ៊ុន Amadeus គឺជាដៃគូដ៏ត្រឹមត្រូវ ក្នុងការជួយដោះស្រាយភាពស្មុគស្មាញផ្សេងៗ ដូច្នេះយើងអាចដាក់ចេញនូវការច្នៃប្រឌិតថ្មីៗ ដែលងាយស្រួល សម្រាប់អតិថិជន អ្នកដំណើរ និងក្រុមហ៊ុនអាកាសចរណ៍ ដែលជាចំណុចស្នូល នៃព្រលានយន្តហោះរបស់យើង”។

លោកបានឱ្យដឹងទៀតថា ការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាឈានមុខគេ ជាមួយនឹងការវិនិយោគសំខាន់ៗថ្មីៗ ក្នុងការធ្វើឱ្យប្រសើរឡើង វេទិការបស់យើង ត្រូវបានរៀបចំយ៉ាងល្អ ដើម្បីស្វាគមន៍ដំណាក់កាលរីកចម្រើនបន្ទាប់”។

ក្រុមហ៊ុន Amadeus បានបញ្ជាក់ថា ស្ថាបត្យកម្មបើកចំហនៃបច្ចេកវិទ្យា cloud អនុញ្ញាត ឱ្យតំឡើងភាពច្នៃប្រឌិតថ្មីងាយស្រួល រួមមានបច្ចេកវិទ្យាគមនាគមន៍ និងសេវាកម្មស្វ័យប្រវត្តិ។

សេវាកម្មទាំងនេះ ជួយបំពេញតម្រូវការអ្នកដំណើរ សម្រាប់ការធ្វើដំណើរប្រក​បដោយសុវត្ថិភាព និងអនាម័យ។

កាលពីខែមុន ប្រតិបត្តិករអាកាសយានដ្ឋានហ្វាំងឡង់ Finavia បានសហការជាមួ​យក្រុមហ៊ុន Amadeus ដើម្បីធ្វើទំនើបកម្ម ក្នុងការផ្តល់ដំណោះស្រាយដល់អ្នកដំណើរនៅអាកាសយានដ្ឋានចំនួន១១ ក្នុងប្រទេសហ្វាំងឡង់។

ក្រុមហ៊ុន Finavia នឹងតម្លើងវេទិកាAmadeus Flow ដើម្បីគាំទ្រដល់ការទូទាត់ដោយមិនចាំបាច់មានទំនាក់ទំនងផ្ទាល់ (Contactless Payment) បន្ទាប់ពីនោះព្រលានយន្តហោះនឹងអាចភ្ជាប់ជាមួយ Amadeus តាមរយៈបណ្តាញ Internet តែមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here