ដោយៈសុខុម
សេអ៊ូល: មានពាក្យមួយឃ្លាថា “ក្នុងឧបសគ្គ តែងមានឱកាស”! ពាក្យនេះពិតជាមិនខុសទេ ប្រសិនបើយើងប្រកាន់យកផ្នត់គំនិតសុទិដ្ឋិនិយម ហើយប្រឹងប្រែងមិនឈប់ ទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកបែបណាក៏ដោយ។
តួយ៉ាងក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្សរបស់កូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៩ មេសានេះថា ខ្លួនទទួលបានប្រាក់ចំណេញសុទ្ធកើនឡើង៤៦.៣%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ ដោយភាគច្រើនបានពីការលក់ស្មាតហ្វូនរបស់ខ្លួន ដែលមានសន្ទុះកើនឡើងខ្លាំងអំឡុងវិបត្តិកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុនមេលំដាប់យក្ស Samsung Group ដ៏មានឥទ្ធិពលនៅប្រទេសកូរ៉េខាងត្បូង ដែលស្ថិតនៅក្នុងលំដាប់ប្រទេសសេដ្ឋកិច្ចធំបំផុតទី១២នៅលើពិភពលោក។ ក្រុមហ៊ុនមេមួយនេះ ពិតជាមានសារៈសំខាន់ណាស់ ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បួង ដោយប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះ ស្មើនឹង១ភាគ៥នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ជាតិ។
ក្រុមហ៊ុន Samsung Electronics និយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើង៤៦,៣%គិតពីខែមករា ដល់ខែមីនា ដល់ចំនួន៧,១ទ្រីលានវ៉ុន (៦,៤ពាន់លានដុល្លារអាមេរិក) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុននេះបានលើកឡើង ក្នុងរបាយការណ៍ប្រាក់ចំណូលថា “ការលក់ទូរស័ព្ទស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកប្រើប្រាស់ បានចំណូលខ្ពស់ជាងប្រាក់ចំណូលពីការលក់បន្ទះឈីប និងអេក្រង់”។
តួលេខប្រាក់ចំណេញនេះត្រូវបានបង្ហាញមួយថ្ងៃ បន្ទាប់ពីក្រុមគ្រួសារត្រកូល Lee ដែលគ្រប់គ្រងក្រុម Samsung Group បានប្រកាសផែនការបង់ពន្ធមរតក (Inheritance Tax) ជាង១០ពាន់លានដុល្លារអាមេរិក បន្ទាប់ពីលោកLee Kun-hee ដែលជាអគ្គនាយកក្រុមហ៊ុននេះ ទទួលមរណភាពកាលពីឆ្នាំមុន និងបរិច្ចាគស្នាដៃសិល្បៈល្បីៗ យ៉ាងច្រើនរួមទាំងស្នាដៃគំនូររបស់កំពូលវិចិត្រករ Picasso និង Monet ផងដែរ៕