អបអរសាទរៈ រយៈពេលត្រឹម៣ថ្ងៃ មហាមិត្តចិនប្រកាសផ្តល់ជំនួយ៤លើកចូលរួមប្រយុទ្ឋជំងឺកូវីដនៅកម្ពុជា

0

          ដោយៈ ស៊ីវ ម៉េង

          ភ្នំពេញៈ ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា និងជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោ យ រដ្ឋាភិបាល និងក្រុមហ៊ុននានារបស់មហាមិត្តចិន បានប្រកាសនិងផ្តល់ជំនួយចំនួន៤លើកដល់កម្ពុជា ក្នុងរយៈពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ។

ថ្ងៃទី២៧ មេសា

ជាក់ស្តែងក្រុមហ៊ុនចិនមួយមានឈ្មោះថា «ZHOUFANG GROUP» បានបន្ដការឧបត្ថម្ភម៉ាសជាង១លានម៉ាស និងសម្លៀកបំពាក់ពេទ្យចំនួន៣ម៉ឺនកំប្លេរថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើង ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ពិធីប្រគល់ និងទទួលជំនួយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនចិនខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រគល់ដោយក្រុមហ៊ុនមួយរបស់ចិន «ZHOUFANG GROUP» ជូនដល់អគ្គកុងស៊ុលកម្ពុជាប្រចាំ នៅទីក្រុងសៀងហៃ លោក នាង សំរិតកុមារ។

នេះជាជំនួយដ៏ច្រើនម្ដងទៀត របស់ក្រុមហ៊ុននៅក្នុងប្រទេសចិន ដើម្បីរួមចំណែកទុក្ខលំបាកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ក្រោយពេលដែលកម្ពុជា បានជួបព្រឹត្តិការណ៍២០កុម្ភៈ ដែលធ្វើឲ្យមានអ្នកឆ្លងរហូតដល់ជាង ១ម៉ឺននាក់ និងស្លាប់ជិត១០០នាក់។

ថ្ងៃទី២៨ មេសា

វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀត បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធានាការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ពីការរាតត្បា​តជំងឺកូវីដ១៩។

វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់មិត្តចិន ដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។

វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលបានប្រឹងប្រែង និងស្វះស្វែងយ៉ាងខ្លាំង ក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជា។

កម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុ​តជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស។

ជំនួយកាន់តែច្រើននៅថ្ងៃដដែល

ស្ថានទូតចិន តាមរយៈទំព័រ Facebook ផ្លូវការបានលើកឡើងថា ចិន និងកម្ពុជា ជាបងប្អូនល្អប្រៀបដូចដៃ និងជើង ជាដៃគូល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមក។ ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រដ្ឋាភិបាល និងប្រជាជនចិន តែងឈរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជានិច្ច រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។

បច្ចុប្បន្នក្រោមស្ថានភាពដ៏តឹងតែង នៃជំងឺវីរុសកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ភាគីចិនតែងខិតខំពង្រឹងកិច្ច សហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុស តាមគ្រប់មធ្យោបាយជាមួយភាគីកម្ពុជា។

នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ជំនួយឥតសំណងជំហានទី៣ របស់ភាគីចិន ជូនចំពោះភាគីកម្ពុជា ជាវ៉ាក់សាំងកូវីដចំនួន៤០ម៉ឺនដូស បានមកដល់រាជធានីភ្នំពេញ តាមរយៈជើងហោះហើរស៊ីវិល។ នេះជាជំនួយឥតសំណងរបស់ចិនជាវ៉ាក់សាំងជំហានទី៣ បន្ទាប់ពីជំហានទី១ ចំនួន៦០ម៉ឺនដូស និងជំហានទី២ ចំនួន៧០ម៉ឺនដូស សរុប១លាន៧សែនដូស។

ថ្ងៃទី២៩ មេសា

          រដ្ឋាភិបាលចិន បានផ្តល់ឳសថបុរាណចិនLianhua Qingwen ចំនួន៨៨០០០ប្រអប់ដល់កម្ពុជា​ ដែលឳសថនេះ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។

ជំនួយថ្នាំបុរាណចិននេះ ត្រូវបានរៀបចំពិធីប្រគល់-ទទួល នៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានរបស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា ក្នុងជំនួបទទួលអំណោយថ្នាំនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកប​ដោ​យគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យសុខាភិបាល បានទទួលនូវជំនួយឥតសំណងយ៉ាងច្រើនឥតគណនា និយាយជារួម និងការជួយឧបត្ថម្ភគាំទ្រ ក្នុងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងបច្ចេកទេស ថវិកា និងឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ រួមទាំងវ៉ាក់បង្ការជំងឺកូវីដ-១៩ និយាយដោយឡែក។

ជំនួយសម្ភារៈសំរាប់ប្រើប្រាស់ប្រយុទ្ឋជំងឺកូវីដ

ដោយមើលឃើញថា សម្លៀកបំពាក់ការពារ, វែនតាការពារ និងបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺជាតម្រូវការចាំសម្រាប់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ក្រុមហ៊ុន Shoukang Medical Science and Technology ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួយក្នុងខេត្តសានដុង (Shandong) មានមូលដ្ឋានក្នុងទីក្រុង ជីណាន (Jinan) បានធ្វើការឆ្លើយតបភ្លាមៗ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង COVID-19 នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុននេះ តាមរយៈស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុង Kunming ប្រទេសចិន ផ្តល់ជំនួយដូចជារបាំងមុខការពារ វ៉ែនតាការពារ ស្រោមដៃការពារ សម្លៀកបំពាក់ការពារ និងបរិក្ខាពេទ្យមួយចំនួនទៀត។

អំណោយនេះត្រូវបានស្ថានកុងស៊ុលកម្ពុជា ប្រចាំទីក្រុង Kunming ទាក់ទងជាបន្ទាន់ជាមួយជើងហោះហើរ ដើម្បីដឹកជញ្ជូនពីទីក្រុង Kunming ទៅកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីធានាឱ្យបានថា សម្ភារ ឬបរិក្ខាប្រយុទ្ធប្រឆាំង COVID-19 នានា នឹងអាចទៅដល់ដៃបុគ្គលិកសុខាភិបាលជួរមុខ ឱ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។

សារដ៏កក់ក្តៅពីស្ថានទូតចិននៅកម្ពុជា

          ស្ថានទូតចិន តាមរយៈទំព័រ Facebook ផ្លូវការបានលើកឡើងថា ចិន និងកម្ពុជា ជាបងប្អូនល្អប្រៀបដូចដៃ និងជើង ជាដៃគូល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមក។ ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រដ្ឋាភិបាល និងប្រជាជនចិន តែងឈរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជានិច្ច រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។

បច្ចុប្បន្ន ក្រោមស្ថានភាពដ៏តឹងតែង នៃជំងឺវីរុសកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ភាគីចិនតែងខិតខំពង្រឹង កិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុស តាមគ្រប់មធ្យោបាយជាមួ យភាគីកម្ពុជា។

ម៉្យាងវិញទៀតភាគីចិន បានប្រគល់ជំនួយ និងវ៉ាក់សាំងតាមការបញ្ជាទិញយ៉ាងទាន់ពេលវេលា ជូនដល់ភាគីកម្ពុជា មួយវិញទៀត ក៏បានជួយភាគីកម្ពុជា លើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩។ ស្ថានទូតចិនបានអះអាងទៀតថា មន្ទីរពិសោធន៍តេស្តសំណាក ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនចំពោះប្រទេសកម្ពុជា ត្រូវបានប្រគល់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីប៉ុន្មានថ្ងៃមុន។

ស្ថានទូតចិន បានបន្ថែមទៀតថា ដើម្បីជួយអ្នកជំងឺកូវីដមានអាការៈធូរស្បើយ ភាគីចិនថ្មីៗនេះ បានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប២០ម៉ឺនដុល្លារអាមេរិក ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ដែលទាំងនេះបានបង្ហា ញពីមិត្តភាព ដ៏សែនជ្រាលជ្រៅបំផុតរបស់ប្រជាជនចិន ជូនចំពោះប្រជាជនកម្ពុជា។

ស្ថាតទូតចិន បានបង្ហាញនូវជំនឿជឿជាក់ថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃកម្ពុជា ប្រជាជនកម្ពុជា ប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យជាមួយជំងឺវីរុសកូវីដ-១៩ ក្នុងពេលឆាប់ៗនេះជាមិនខាន៕

រៀបរៀងនិងកត់ត្រា ដោយយិន លាងគង់

LEAVE A REPLY

Please enter your comment!
Please enter your name here