សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រួមគ្នាដោះស្រាយបញ្ហាប្រឈមលើសេវាអ៊ីនធើណេតជូនពលរដ្ឋក្នុងពេលបិទខ្ទប់

0

          ដោយៈឧត្តម

ភ្នំពេញៈ នៅក្នុងអំឡុងពេលអាជ្ញាធរបានបិទខ្ទប់ តំបន់ប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដូចជារាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលផងដែរនោះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានរួមគ្នាក្នុងការស្វែងរកដំណោះស្រាយ ផ្ដល់សេវាកម្មអ៊ីនធើណេត និងសេវាកម្មទូរសព្ទចល័​តជូនពលរដ្ឋ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថាលោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងសេវាទូរគមនា​គមន៍ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានាជាមួយនឹងអ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ មេសា ២០២១នេះតាមប្រព័ន្ធវីឌីអូអនឡាញ ។

នៅក្នុងអង្គប្រជុំបានពិភាក្សាស្វែងយល់លម្អិត ពីបញ្ហាប្រឈមរបស់អតិថិជន និងម្ចាស់បុរី ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានឯកភាពគ្នា បង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាប្រឈម ជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ក្នុងការផ្តល់ភាពងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋជាអ្នកទិញអចល​នវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។

យោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថា សេវាទូរគមនាគមន៍ បានក្លាយជាសេវាសាធារណៈយុទ្ធសាស្រ្តចាំបាច់ ដូចគ្នានឹងទឹកស្អាត ឬអគ្គិសនីផងដែរ។

កន្លងទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសជម្រាបជូនដល់ប្រតិបត្តិករ ទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្ដល់សេវាជូនពលរដ្ឋក្នុងពេលមានការរាលដាលនៃជំងឺកូវីដ១៩ ដែលពលរដ្ឋមិនអាចចេញក្រៅផ្ទះបានហើយត្រូវការបំពេញការងារពីផ្ទះទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here