ដោយៈ ឧត្តម
ភ្នំពេញៈ អនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាយឧត្តមសេនីយ៍ ឥត សា រ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរ ភូមិន្ទ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ឋទាំងអស់រៀបចំចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃខ័ណ្ឌទាំងបួន។
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានចុះពិនិត្យនិងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម ចាប់ពីថ្ងៃទី១ខែឧសភា ២០២១តទៅ។
លោកឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងតាមសារសម្លេង ដែលបានផ្ញើរតគ្នាតាមប្រព័ន្ឋតេឡេក្រាមនាថ្ងៃទី២៩ មេសានេះថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងតំបន់ក្រហមនៃខណ្ឌទាំង៤ក្នុងរាជធានីភ្នំពេញ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានសហការជាមួយសាលារាជធានីភ្នំពេញ ខណ្ឌទាំងបួននិងក្រុមប្រឹក្សាសង្កាត់ផងដែរ។
លោកបន្តថា “ដើម្បីឱ្យការចាក់វ៉ាក់សាំងនេះ ទទួលបានជោគជ័យនោះ សូមឱ្យភូមិ សង្កាត់ ផ្ដល់តួលេខជាក់លាក់អំពីចំនួនប្រជាពលរដ្ឋនៅតាមភូមិ តាមសង្កាត់នីមួយៗ ដើម្បីធ្វើផែនការចាក់”។ លោកបន្តថា “យើងសូមធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអំពាវនាវដល់ពលរដ្ឋទាំងអស់ ឱ្យមកចាក់វ៉ាក់សាំងតាមទីកន្លែងដែលបានកំណត់”។
លោកនាយឧត្តមសេនីយ៍ឥត សារ៉ាត់បានបន្តថា អគ្គមេបញ្ជាការដ្ឋានក៏បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ ព្រោះនៅក្នុងតំបន់ក្រហមមានកម្មករ និយោជិត រហូតដល់ប្រមាណ៤៥ម៉ឺននាក់ឯណោះ ដូច្នេះក្រសួងការងារសុំជួយរៀបចំទីតាំង តួលេខកម្មករ ដែលត្រូវចាក់វ៉ាក់សាំង ព្រមទាំងអំពាវនាវឱ្យកម្មករនិយោជិតចូលមកចាក់ផងដែរ ។
លោកបន្ថែមថា អគ្គបញ្ជាការដ្ឋាន ក៏បានចុះពិនិត្យទីតាំងមួយចំនួនរួចហើយដែរ ដើម្បីឱ្យប្រាកដថាទីតាំងនោះ ស្របតាមលក្ខណៈបច្ចេកទេស សម្រាប់ចាក់វ៉ាក់សាំង ដូចជាកន្លែងរង់ចាំ កន្លែងចាក់ កន្លែងសម្ភាសន៍ និងកន្លែងសង្គ្រោះ ធ្វើយ៉ាងណាឱ្យមានទីធ្លាគ្រប់គ្រាន់ ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានបញ្ជាកឱ្យបើកយុទ្ធនាការចាក់សាំងកូវីដ១៩ ជូនពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់ក្រហម ដែលវ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ក្នុងនោះបច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងស្រាប់ជាង១លានដូស ដែលអាចចាក់បានជាង៥០ម៉ឺននាក់។
សម្ដេចមានប្រសាសន៍បន្តថា តាមការប៉ាន់ស្មាននៅភ្នំពេញ និងខេត្តកណ្ដាលមានពលរដ្ឋប្រមាណ៣លាននាក់ ដែលនឹងចាក់វ៉ាក់សាំងដូច្នេះត្រូវការ៦លានដូស ដែលការងារនេះ គឺផ្ដល់ជូនទៅកំលាំងកងទ័ពជាអ្នកធ្វើ ដើម្បីជៀសវាងពលរដ្ឋចេញក្រៅតំបន់ទៅចាក់វ៉ាក់សាំង គឺកងទ័ពនឹងចូលទៅចាក់ដល់ទីតាំងតែម្ដង៕