ដោយៈគង់ សូរិយា
ភ្នំពេញៈ ទុនវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេស មានតម្លៃទឹកប្រាក់សរុបជាង១៦៦២លានដុល្លារអាមេរិក នៅលើផ្ទៃក្រឡានៃការសាងសង់សរុប៣,៧ លានម៉ែត្រការ៉េ ក្នុងនោះគម្រោងនៃការសាងសង់លំនៅដ្ឋាន និងភូមិគ្រឹះ បានឈរក្នុងលំដាប់ទី១ នៅលើគម្រោងវិនិយោគផ្សេងៗ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីទូរលេខនៃការអភិវឌ្ឍវិស័យសំណង់ នៅក្នុងត្រីមាស ទី១ ឆ្នាំ ២០២១ ដែលអនុញ្ញាតលើសំណើសុំសាងសង់ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះសរុបទូទាំងប្រទេស មានចំនួនទឹកប្រាក់ជាង១ ៦៦២ លានដុល្លារ ដោយបានធ្លាក់ចុះជាង៣៥% ខណៈនៅក្នុងឆ្នាំ២០២០ ក្នុងរយៈពេលដូចគ្នា មានទំហំទឹកប្រាក់សរុបជាង២ ៥៧៤ លានដុល្លារ។
ដោយឡែកផ្ទៃក្រឡាសាងសង់ នៅក្នុងរយៈពេលនេះដែរ សរុបមានចំនួនប្រមាណ ៣,៧លានម៉ែត្រការ៉េ បានធ្លាក់ចុះជិត ៣៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 Fortuna Investment បានថ្លែងថា បញ្ហាជម្ងឺកូវីដ១៩ គឺជាបញ្ហាចម្បង ដូចជាការធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ ការពិបាកធ្វើដំណើររបស់អ្នកវិនិយោគ និងការប៉ះពាល់ដល់វិស័យទេសចរ និងពេលបច្ចុប្បន្នបានទាញវិស័យឧស្សាហកម្មឲ្យធ្លាក់ចុះជាដើម ដែលបញ្ហាទាំងនេះ ជាមូលហេតុធ្វើឲ្យវិស័យជាច្រើនបានធ្លាក់ចុះ មិនត្រឹមតែវិស័យសំណង់ប៉ុណ្ណោះនោះឡើយ។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីមបានសម្តែងសុទិដ្ឋិនិយមថា វិស័យនេះនឹងអាចងើបឡើងវិញនៅក្នុងកម្រិតទាប ចាប់ពីឆមាសទី២ ឆ្នាំ២០២១ ប្រសិនបើស្ថានភាពនៃព្រឹត្តិការណ៍២០ កុម្ភៈ មានភាពប្រសើរឡើងវិញ ព្រោះស្ថិតក្នុងពេលបច្ចុប្បន្ននេះយើងដឹងហើយថា តំបន់នៅរាជធានីភ្នំពេញត្រូវបានបិទខ្ចប់ទាំងស្រុង ជាពិសេសការពិបាកក្នុងការធ្វើដំណើរ ដូចជា ការទៅស្នើរសុំលិខិតស្នាមផ្សេងៗនៅតាមក្រសួង-ស្ថាប័ន និងការចរាចរដឹកជញ្ជូនសម្ភារៈនានាជាដើម ក្រៅពីនេះចំពោះក្រុមហ៊ុនអភិវឌ្ឍនមួយចំនួន ក៏ស្ថិតនៅក្នុងតំបន់បិទខ្ចប់ ដែលត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ។
ទាក់ទងគម្រោងអភិវឌ្ឍន៍វិស័យសំណង់ នៅក្នុងខែ មីនា ឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់ ក្នុងនោះគម្រោងសាងសង់លំនៅដ្ឋាន និងភូមិគ្រឹះ មានទឹកប្រាក់ប្រមាណ៩២២លានដុល្លារ សំណង់ពាណិជ្ជកម្ម៧០លានដុល្លារ, សំណង់ឧស្សាហកម្ម៤៩លានដុល្លារ, សំណង់សាធារណៈ១៧លានដុល្លាអាមេរិក, និងការអភិវឌ្ឍន៍សំណង់ផ្សេងៗ សរុបទាំងអស់មានទំហំទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក៕