ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានបន្តពង្រឹងការធ្វើចត្តាឡីស័ក លើអ្នកធ្វើដំណើរចូលមកភូមិសាស្ត្រខេត្តព្រះសីហនុ តាមរយៈជើងហោះហើរពីរាជធានីភ្នំពេញ និងខេត្តសៀមរាបត្រូវតែដាក់ឱ្យធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីសម្រេចដោយលោក គួច ចំរើន កាលពីថ្ងៃទី ២៩ ខែមេសា បានឱ្យដឹងថា អ្នកដំណើរទាំងអស់ ដែលចូលមកភូមិសាស្ត្រខេត្តព្រះសីហនុ តាមរយៈជើងហោះហើរពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវតែដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។
លោកបញ្ជាក់ថា “ការធ្វើដូចនេះ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រដែលត្រូវបានកំណត់ ដោយក្រសួងសុខាភិបាលថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”។
ទីតាំងធ្វើចត្តាឡីស័កត្រូវបានកំណត់ ចាត់ចែង រៀបចំ និងគ្រប់គ្រងដោយរដ្ឋបាលខេត្តព្រះសីហនុ ហើយនៅក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័ក អ្នកធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុង ដែលមានកំណត់នៅក្នុងកន្លែងធ្វើចត្តាឡីស័ក។
ការធ្វើចត្តាឡីស័កនេះដែរ រដ្ឋបាលខេត្តក៏តម្រូវឱ្យបង់ថ្លៃ ចំពោះជនបរទេស តាមតម្លៃកំណត់ ដែលមានចែងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីដើមខែមិថុនា និងក្រសួងសុខាភិបាលកាលពីខែមិថុនា ឆ្នាំ ២០២០៕