ដោយៈ គង់ ម៉ាលីន
កំពតៈ អភិបាលខេត្តកំពត លោកជាវ តាយ បានអញ្ជើញចុះ ស្វែងយល់ពីវឌ្ឍនភាពនិងជំរុញ នៃដំណើរការសាងសង់ស្ពាន មួយកន្លែងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល ហៅថា (ស្ពានត្រើយកោះ) ឆ្លងកាត់ដៃព្រែកកំពតភ្ជាប់រវាងសង្កាត់ត្រើយកោះ និងសង្កាត់អណ្ដូងខ្មែរ ក្នុងក្រុងកំពត ខេត្តកំពត។
ស្ពាននេះគឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ ពិសេសការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្រ រួមនឹងទំនិញនិងសម្ភារៈផ្សេងៗគ្រប់សារពើ ។ សព្វថ្ងៃប្រជាពលរដ្ឋ បាននឹងកំពុងធ្វើចរាចរណ៍យ៉ាងសកម្ម លើស្ពានដែកបាឡេចាស់ ដែលមានស្រាប់ដោយស្ពាននេះ បានកសាងឡើងតាំងក្នុងឆ្នាំ២០០០ កន្លងទៅ ប៉ុន្តែមានសភាពទ្រុឌទ្រោម បាក់បែកធ្លុះធ្លាយលើផ្ទៃស្ពាន ដែលបណ្ដាលឱ្យពិបាកក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងកម្មករសំណង់ស្ពាន លោកជាវ តាយអភិបាលខេត្ត បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ សព្វបែបយ៉ាង ពិសេសស្ពានផ្លូវ ភ្លើងអគ្គិសនី ទឹកស្អាតប្រើប្រាស់ និងធនធានមនុស្ស គឺជាគោលនយោបាយយុទ្ធសាស្ត្រ អាទិភាពដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងការលើកកម្ពស់ជីវភាពកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ដោយមើលឃើញពីសារៈសំខាន់ នៃស្ពាននិងផ្លូវថ្នល់មួយខ្សែនេះ រដ្ឋបាលខេត្តកំពត ក៏បានធ្វើគម្រោងស្នើសុំទៅប្រមុខ រាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន ដើម្បីកសាងស្ពានបេតុងថ្មីនេះ តាមរយៈការអនុវត្តគម្រោងសាងសង់ ដោយក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានមន្ត្រីជំនាញសាធារណការ និងដឹកជញ្ជូនខេត្តចូលរួមផងដែរ។
លោកអភិបាលខេត្តក៏បានស្នើ និងជំរុញដល់មន្រ្តីជំនាញបច្ចេកទេសឲ្យពន្លឿនការសាងសង់ នឹងបានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន នឹងប្រជាពលរដ្ឋដែលរស់នៅក្បែរ សង្ខាងផ្លូវ នៅជិតការដ្ឋានសាងសង់ស្ពាននេះ ធ្វើយ៉ាងណា ត្រូវធ្វើកិច្ចសហការជាមួយនឹងមន្ត្រី និងអ្នកពាក់ព័ន្ធ ឲ្យបានល្អដើម្បីជំរុញដំណើរការសាងសង់ស្ពាននេះ បានឆាប់ចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១ នេះ។
គម្រោងសាងសង់សូមបញ្ជាក់ថា ស្ពាននេះគឺជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងពីបេតុង មានបណ្ដោយ៧៥ម៉ែត្រទទឹងស្ពាន៩ម៉ែត្រ រួមនឹងផ្លូវតភ្ជាប់ក្បាលស្ពានសង្ខាងជាប្រភេទផ្លូវ កៅស៊ូមានប្រវែង សរុប៣០០ម៉ែត្រ ដែលត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះ៕