ក្រុមហ៊ុនថាមពលអាល្លឺម៉ង់ MAN Energy Solutions ដាក់ឱ្យដំណើរការរោងចក្រ អគ្គិសនីកម្លាំង២០០មេហ្គាវ៉ាត់នៅកម្ពុជា

0

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុនថាមពលអាល្លឺម៉ង់MAN Energy Solutions និងក្រុមហ៊ុនថាម​ពលដែលគ្រប់គ្រងដោយរដ្ឋចិន China National Machinery Corporation (CHMC) បានដាក់ឱ្យដំណើរការ រោងចក្រថាមពលអគ្គិសនីមួយ ដែលមានកម្លាំង២០០មេហ្គាវ៉ាត់នៅកម្ពុជាកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមគេហទំព័រ powerengineeringint.com ចុះផ្សាយកាលពីថ្ងៃទី២៩ មេសា។

ក្រុមហ៊ុនទាំង២បានប្រគល់រោងចក្រអគ្គិសនី ដែលមានទីតាំងស្ថិតនៅមាត់ទន្លេក្នុងស្រុកល្វាឯម ខេត្តកណ្ដាលនេះឱ្យអគ្គិសនីកម្ពុជា (EDC) ជាអ្នកគ្រប់គ្រង។ រោងចក្រថាមពលអគ្គិសនី ដែលដំណើរការដោយម៉ាស៊ីនប្រភេទ MAN 18V51/60DF ចំនួន១១គ្រឿងនេះ នឹងផលិតអគ្គិសនីល្មមសម្រាប់ផ្គត់ផ្គង់បានប្រមាណ៧០.០០០ផ្ទះ។

ក្រុមហ៊ុន CHMC ជាអ្នកទទួលខុសត្រូវខាងវិស្វកម្ម លទ្ធកម្ម និងការសាងសង់រោងចក្រអគ្គិសនីនេះ ចំណែកឯក្រុមហ៊ុន MAN Energy Solutions ជាអ្នកទទួលខុសត្រូវខាងផ្គត់ផ្គង់ និងការដាក់ឱ្យដំណើរការម៉ាស៊ីនទាំង១១គ្រឿង ព្រមទាំងសម្ភារៈផ្សេងៗទៀតពាក់ព័ន្ធនឹងរោងចក្រនេះ។

លោក Wayne Jones OBE ប្រធានផ្នែកលក់នៅក្រុមហ៊ុន MAN Energy Solutions បានលើកឡើងថា “រោងចក្រអគ្គិសនីថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការធានា ការផ្គត់ផ្គង់ថាមពលនៅប្រទេសកម្ពុជា មិនថាអាកាសធាតុបែបណាក៏ដោយ”។

ការអភិវឌ្ឍ និងការដាក់ឱ្យដំណើរការគម្រោងនេះ ធ្វើឡើងក្រោយពីប្រទេសកម្ពុជា ខ្វះថាមពលយ៉ាងខ្លាំងនៅរដូវប្រាំង ដោយសារនៅក្នុងរដូវនេះ រោងចក្រវារីអគ្គិសនីរបស់កម្ពុជា មិនអាចដំណើរការបានពេញលេញ។ កត្តានេះ បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមដាក់ចេញកម្មវិធីបន្ទាន់មួយក្នុងឆ្នាំ២០១៩ ក្នុងគោលបំណងធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានស្ថិរភាព តាមរយៈសមត្ថភាពផលិតថាមអគ្គិសនីដែលមានភាពបត់បែន។

ម៉ាស៊ីនទាំង១១គ្រឿងនេះត្រូវបានប្រគល់ជូន និងដាក់ឱ្យដំណើរការក្នុងរយៈពេលតិចជាង២០ខែ ខណៈប្រទេសកម្ពុជា ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលដែលកំពុងកើនឡើង និងការផលិតថាមពលអគ្គិសនីធ្លាក់ចុះ។ ទោះបីជាមានបញ្ហាប្រឈមផ្នែកប្រតិបតិ្តការ ដែលបណ្តាលមកពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ យ៉ាងណាក្ដី ក៏គម្រោងនេះនៅតែបញ្ចប់ដោយជោគជ័យ និងទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here