ដោយៈ ប៊ី
ភ្នំពេញៈ វិស័យធនាគារនឹងដើរតួរនាទីសំខាន់ ក្នុងការជំរុញវិស័យអចលនទ្រព្យកម្ពុជាឱ្យងើបវិញឆាប់រហ័ស តាមរយៈការផ្តល់ឥណទាន ដល់អ្នកពាក់ព័ន្ធនៅក្នុងវិស័យនេះ ដែលអាចជួយដល់ចរន្តទិញលក់មានសកម្មភាព បន្ទាប់វិបត្តិកូវីដ១៩ មានធូរស្រាល ឬត្រូវបានគ្រប់គ្រង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានថ្លែងប្រាប់ Propertyarea.asia កាលថ្មីៗនេះថា ដើម្បីឱ្យអចលលនទ្រព្យវិស័យនេះនៅបន្តភាពរឹងមាំកាន់យូរតទៅទៀត យើងគួរតែជួយជំរុញការផ្តល់ឥណទាន ពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យនេះ តាមរយៈធនាគារ ឬធនាគារពាណិជ្ជ ដែលជាដៃគូរបស់រដ្ឋាភិបាល ដើម្បីផ្តល់កម្ចីទៅឱ្យអ្នក ដែលពាក់ព័ន្ធ មានលទ្ធភាពយកកម្ចីនេះប្រើប្រាស់បន្តទៀត។ ច្នេះវិស័យអចលនទ្រព្យនៅតែបន្តកំណើនរបស់ខ្លួន និងទ្រទ្រង់ទៅឱ្យផ្នែកផ្សេងៗទៀត។
លោកបានថ្លែងបន្តថា “ប្រាក់កម្ចីនៅតែបន្តកើតមាន ដូច្នេះចរន្តទិញលក់អចលនត្រព្យនៅតែមាន ទោះបីជាមានបញ្ហាប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ” ។ លោកបន្តថា “ទោះបីនាបច្ចុប្បន្ន លំហូរវិនិយោគពីប្រទេសត្រូវបានរាំងស្ទះ ដោយសារវិបត្តិកូវិដ១៩ ប៉ុន្តែវិនិយោគិនក្នុងស្រុកបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញវិស័យអចលនទ្រព្យឱ្យមានការរីកចម្រើន” ។
លោកបានថ្លែងបន្តទៀតថា ការជំរុញការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យនឹងជួយវិស័យមានការរីកលូតលាស់បានឆាប់រហ័យឡើងវិញ និងក៏ដូចចូលរួមចំណែកដល់សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានគ្រប់គ្រង ឬបញ្ចប់ទាំងស្រុង។
នៅត្រីមាសចុងក្រោយឆ្នាំ២០២០កន្លងមកនេះ សមតុល្យឥណទានលក្ខណៈបុគ្គលចំនួន ៩,៧៦ ពាន់លានដុល្លារ។ នេះបើយោងតាមការរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) ។
របាយការណ៍បានឱ្យដឹងថា កម្ចីអចលនទ្រព្យមានលើសពាក់កណ្តាល នៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប៥២,០០ភាគរយ ស្មើនឹងប្រមាណ៥.០៧ពាន់លានដុល្លារ។ ចំណែកឯសមតុល្យឥណទានហិរញ្ញវត្ថុ ផ្ទាល់ខ្លួនមានចំណែក៤៧,៤០ភាគរយ។
លោកឆារស៍ វ៉ាន់អគ្គនាយករងធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ធនាគារមានតួនាទីសំខាន់ណាស់ ក្នុងការផ្តល់ចរន្តសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ច ដើម្បីឲ្យសេដ្ឋកិច្ចមានដំណើរការល្អប្រសើរ ហេតុនេះតួនាទីធនាគារជារឿងមិនអាចខ្វះបាន ក្នុងការផ្តល់តួនាទីស្នូលក្នុងសេដ្ឋកិច្ចផង និងសង្គមផង។
ទោះជាយ៉ាងណាលោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមទីប្រឹក្សាសេដ្ឋកិច្ចជាតិធ្លាប់បានព្រមានថា ការផ្តល់ឥណទានកើនឡើងខ្ពស់ពេក ធៀបនឹងផលទុនជាតិសរុប នឹងធ្វើឲ្យមានហានិភ័យក្នុងសេដ្ឋកិច្ច ប៉ុន្តែឥណទានមានសារៈសំខាន់ណាស់ក្នុងការជួយធ្វើឲ្យសេដ្ឋកិច្ចមានកំនើន។
លោកបន្តថា “ឥណទានប្រៀបដូចជាខ្លាញ់ក្នុងខ្លួនរបស់មនុស្ស ដែលរាងកាយមនុស្សត្រូវការខ្លាញ់ដើម្បីដំណើរការ ប៉ុន្តែការដែលរាងកាយមានខ្លាញ់ច្រើនពេក ក៏សុខភាពរាងកាយមិនល្អផងដែរ” ៕