ដោយៈគង់ សូរិយា
ភ្នំពេញៈ ការសិក្សាថ្មីមួយរបស់សាស្រ្តាចារ្យ ផ្នែកវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យធំជាងគេរបស់ថៃបានរកឃើញថា ការចាក់វ៉ាក់សាំងAstraZeneca ដូសទី១ អាចធ្វើឲ្យមានភាពសាំក្នុងរាងកាយរហូតដល់៩៦,៧ភាគរយ។
អ្នកឯកទេសខាងផ្នែករោគសាស្រ្ត នៃនៅសាកលវិទ្យាល័យ Chulalongkorn លោកវេជ្ជបណ្ឌិត Yong Poovorawan នៅថ្ងៃចន្ទនេះ បានបង្ហាញការសិក្សាស្រាវជ្រាវមួយលើមនុស្សចំនួន៦១នាក់ បន្ទាប់ពីពួកគេទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើង ដោយក្រុមហ៊ុនផលិតឱសថអង់គ្លេសAstraZeneca ដូសដំបូង ដោយពួកគេអាចមានភាពស៊ាំ រហូតដល់៩៦.៧ភាគរយប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។
នេះយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត Yong Poovorawan បានគូសបញ្ជាក់ថា “ការសិក្សានេះ ក៏បានបង្ហាញផងដែរថា អ្នកដែលបានឆ្លងជំងឺនេះ និងបានចំណាយពេល៤-៨សប្តាហ៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ពួកគេអាចមានភាពស៊ាំរហូតដល់ ៩២.៤ភាគរយ។ ស្ត្រីត្រូវបានគេរកឃើញថា មានភាពស៊ាំរឹងមាំជាងបុរស ខណៈអ្នកដែលមានអាយុក្រោម ៦០ឆ្នាំ មានភាពស៊ាំរឹងមាំ ជាងអ្នកដែលមានអាយុលើស៦០ឆ្នាំ”។
លោកបញ្ជាក់បន្ថែមថា សាកលវិទ្យាល័យនេះ នឹងធ្វើការសិក្សាមួយទៀតទៅលើមនុស្ស បន្ទាប់ពីពួកគេបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់ដូសទី២។
ទោះយ៉ាងណា លោកបាននិយាយដូច្នេះថា “យើងមិនបានធ្វើការសិក្សាផ្អែកលើវ៉ាក់សាំងផ្សេងៗគ្នានោះទេ ហើយនឹងស្នើសុំឱ្យអ្នក ដែលបានទទួលការចាក់វ៉ាក់សាំង ទាក់ទងមកយើង ដើម្បីឲ្យយើងអាចសិក្សាពីកម្រិតនៃភាពស៊ាំ និងផលប៉ះពាល់របស់ពួកវា”។