រុស្ស៊ីជំរុញឱ្យក្រុមហ៊ុនចិនជួយផលិតវ៉ាក់សាំងកូវីដ១៩ Sputnik V ស្របពេលតម្រូវការកើនឡើងខ្ពស់

0

ដោយៈ ប៊ី

ម៉ូស្គូៈ រុស្ស៊ីបានប្រាប់ក្រុមហ៊ុនចិនជាច្រើន ដើម្បីជំរុញកិច្ចសហការផលិតវ៉ាក់សាំងកូវីដ១៩ Sputnik V ស្របពេលទីក្រុងម៉ូស្គូកំពុងបង្កើនល្បឿនផលិតវ៉ាក់សាំងមួយនេះ ឆ្លើយតបទៅនឹងកំណើននៃតម្រូវការ។ នេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារព័ត៌មានAP នៅល្ងាចថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១។

រុស្ស៊ី កាលពីប៉ុន្មានសប្ដាហ៍នេះ បានប្រកាសពីកិច្ចព្រមព្រៀងចំនួន៣ ក្នុងការគោលដៅផលិតវ៉ាក់សាំងសរុបជាង ២៦០លានដូសជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិនមួយចំនួន។

ការជំរុញឱ្យមានការសហការជាមួយចិននេះ បានកើតមានឡើង ចំពេលបណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាហ្វ្រិក កំពុងបង្កើនការបញ្ជាទិញវ៉ាក់សាំងពីរុស្ស៊ី ស្របពេលសហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងផ្ដោតជាអាទិភាព ចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន។

លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំងបានឱ្យដឹងថា តម្រូវការ និងការបញ្ជាទិញវ៉ាក់សាំង Sputnik V មានការកើនឡើងខ្ពស់រហូតដល់លើសពី សមត្ថភាពផលិតវ៉ាក់សាំងនៅក្នុងស្រុករបស់រុស្ស៊ី។ មួយវិញទៀត ដើម្បីបង្កើនការផលិតវ៉ាក់សាំង រុស្ស៊ីក៏បានចុះកិច្ចព្រមព្រៀង ជាមួយបណ្ដាប្រទេសដទៃទៀតដែរ ក្នុងនោះមានដូចជាឥណ្ឌា កូរ៉េខាងត្បូង ប្រេស៊ីល ស៊ែរប៊ី តួកគី និងអ៉ីតាលីជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here