វិភា​គៈ​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ពីរលើក តើ​វិស័យ​អចលនទ្រព្យ​កម្ពុជាមាន​ការវិវត្ត​ដូចម្តេច?

0

ដោយៈ​យិន លាង​គង់​ស្ថាបនិក​និង​ជា​អគ្គនាយក Propertyarea.asia

ភ្នំពេញៈ ព្រះអាទិត្យ​កំពុង​ស្រអាប់ ផ្ទៃមេឃ​ពោរពេញ​ដោយ​ពពក​ខ្មៅ សេដ្ឋកិច្ច​ប្រទេស​នានា​បាន​ដាំ​ក្បាល​ចុះ និង​កំពុង​ត្រៀម​រះ​ឡើងវិញ ជាមួយនឹង​ភាពប្រាកដប្រជា​ជាង​មុន ។

សេដ្ឋកិច្ចកម្ពុជា ដែល​ធ្លាប់​សម្រេចបាន​កំនើន​ពីរ​ខ្ទង់ និង​សម្រេចបាន​កំនើន​ជា​មធ្យមភាគ​ជាង៧ភាគរយ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ បាន​ដាំ​ក្បាល​ចុះ​ជា​លើកដំបូង​ក្នុងរយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ។

តើ​ប្រទេស​ខ្លា​សេដ្ឋកិច្ច​អាស៊ី ដែល​ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​ប្រ​សិ​ទ្ឋ​នាម​ជា “ខ្លា​សេដ្ឋកិច្ច​ថ្មី” នៅ​តំបន់​អាស៊ី​កាលពី​ឆ្នាំ២០១៥ កំពុង​ក្លាយជា​ខ្លាក្រដាស​ឬ​យ៉ាងណា? ខណៈ​ផែនទី​ចង្អុលបង្ហាញ​ផ្លូវ​បាន​គូសវាស​រួចហើយ “គឺ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០” ។

វា​ជាការ​គូសវាស​មួយ​ប្រកប ដោយ​មហិច្ឆតា តែមាន​ចក្ខុវិស័យ​ច្បាស់លាស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

វិបត្តិ​ឆ្នាំ២០០៨

ឆ្នាំ២០០៨ ជាវ​ដ្ត​ថ្មី​មួយ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សាកល បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំ១៩៩៧ ។ វិបត្តិ​ឆ្នាំ១៩៩៧ មិនសូវ​រង​ផលប៉ះពាល់​ដល់​កម្ពុជា​នោះទេ ខណៈ​ប្រជាជន នៅមាន​ការយល់ដឹង​នៅមានកម្រិត និង​សេដ្ឋកិច្ចកម្ពុជា​មិនទាន់មាន​សញ្ញា​ងើបឡើង​គួរ  ឲ្យ​ចាប់អារម្មណ៍​នៅឡើយ។

ប៉ុន្តែ​មុន​ឆ្នាំ២០០៨ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន បានទទួល​ផលប្រយោជន៍​យ៉ាង​ក្រាស់ក្រែល​ពី​កំនើន​នៃ​ការវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ ដែលមាន​សភាព​ដូច “ពពុះ​សាប៊ូ” ព្រោះ​ការវិនិយោគ​និង​រីកចម្រើន លើ​វិស័យនេះ​នៅ​កំឡុង​ពេលនោះ កើតឡើង​ដោយសារ​មូលដ្ឋាន​មួយចំនួន ទី១ ជាការ​វិនិយោគ​តាម​គ្នា ដោយ​មិនសូវមាន​ជំនាញ ចំណេះដឹង​ច្បាស់លាស់ ទី២ ការ​ក្រឡុក​ទីផ្សារ ឬ​ការធ្វើ​ឲ្យ​ទីផ្សារ​ពុះកញ្ជ្រោល​ពី​អ្នកវិនិយោគ​បរទេស ទី៣ រដ្ឋាភិបាល​មិនទាន់​មានច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា សម្រាប់​គ្រប់គ្រង តម្រែតម្រង់​វិស័យនេះ​នៅឡើយ ទី៤ កំណើន​តម្លៃ​នៃ​វិស័យ​អចលនទ្រព្យ​ហក់​ឡើង​ខ្ពស់ លើស​អ្វីដែល​បាន​រំពឹងទុក។

បន្ទាប់ពី​ការ​ហ៊ោ​រក​ញ្ចៀ​វ នៅលើ​ដែល​ដី​សុវណ្ណ​ភូមិ​ជា​លើកដំបូង ព្រះអាទិត្យ​បាន​ស្រអាប់ ទឹកភ្នែក​បានចាប់ផ្តើម​ហូរតិចៗ ប៉ុន្តែ​ការវិនិយោគ​លើ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្តើម​ផុស​ផុស​ឡើងវិញ វា​ដូចជា​បដិវត្តន៍​ចំណេះដឹង​មួយ ព្រោះ​សភាព​បែបនេះ មិន​ធ្លាប់​កើតមាន​ក្នុងសង្គម​ខ្មែរ​រាប់រយឆ្នាំ ប៉ុន្តែ​បែរជា​ប្រជាជន​ខ្មែរ ពិសេស​អ្នកជំនួញ​អចលនទ្រព្យ ម្ចាស់​អាជីវកម្ម​នានា បានចាប់ផ្តើម​ចេះ​ចំណាយលុយ​ទៅ​អង្គុយ​ស្តាប់​វាគ្មិន​ជាតិ អន្តរជាតិ​មក​និយាយ​ឲ្យ​ស្តាប់​ពី​ភាពជា​អ្នកដឹកនាំ ពី​ការចាប់ផ្តើម​ជំនួញ និង​ពី​មូលដ្ឋាន​ភាពជោគជ័យ​ជាដើម។

ជាល​ទ្ឋ​ផល​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០០៨ នៅ​សហរដ្ឋអាមេរិក​មក ទីផ្សារ​អចលនទ្រព្យ ការវិនិយោគ​ហាក់​មាន​សភាព​នឹងន​ជាង​មុន មាន​សភាព​ហាប់​ជាង​មុន ដោយសារ​ទី១ អ្នក​ប​វិនិយោគ​ក្នុងស្រុក​មានចំណេះដឹង​ច្រើនជាង​មុន ទី២ អ្នកវិនិយោគ​មាន​គោលដៅ​ច្បាស់លាស់​ជាង​មុន និង​ដឹងថា​ទិញ​ដើម្បី​អ្វី ទី៣ មិនសូវ​មានការ​កកូ​កកាយ​ពី​វិនិយោគិន​បរទេស។

ទី៣ រដ្ឋាភិបាល​កាន់​តែមាន​ភាពចាស់ទុំ មន្ត្រី​រដ្ឋាភិបាល​កាន់តែ​ចេះដឹង​ជាង​មុន ដោយបាន​កសាង​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ជាច្រើន ពិសេស​ច្បាប់ “សហកម្ម​សិ​ទ្ឋ”កាលពី ឆ្នាំ២០១០ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាច​ទិញ​ផ្ទះ ចាប់ពី​ជាន់​ទី១ឡើង​បាន ទី៤ ការរីកចម្រើន​នៃ​សេដ្ឋកិច្ច ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង និង​ទី៥ លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង​យ៉ាងគំហុក។

មូលដ្ឋាន​ច្បាប់ គតិយុត្តិ

ការកសាង​បទដ្ឋាន​ច្បាប់​ជាច្រើន រួមមាន ច្បាប់​សហកម្ម​សិ​ទ្ឋ ការធ្វើសមាហរណកម្ម​ច្បាប់​វិនិយោគ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាច​វិនិយោគ​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ទុន​របស់ខ្លួន១០០ភាគរយ ការកសាង​ច្បា​ប់ព​ន្ឋ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាច​យកប្រាក់​ចំណេញ​ចេញទៅ​បរទេស​បាន​ងាយស្រួល និង​បង់​ព​ន្ឋ​ដោយ​មិនមាន​ភាព​ស្មុ​គ្រ​ស្មាញ សុ​ទ្ឋ​តែ​ជា​មូលដ្ឋាន​រ៉ឹង​មាំ និង​មិនអាច​ប្រកែក​បាន ក្នុងការ​រុញ​នាវា​កម្ពុជា​ឆ្ពោះទៅមុខ​យ៉ាង​លឿន និង​ត្រចះត្រចង់។

គ្មាន​មូលដ្ឋាន​គោលនយោបាយ ផែនការ​យុ​ទ្ឋ​សាស្ត្រ និង​ច​ក្ចុ​វិស័យ​ច្បាស់លាស់​របស់​រដ្ឋាភិបាល គ្មាន​សន្តិភាព ស្ថេរភាព​នយោបាយ សេដ្ឋកិច្ចកម្ពុជា​មិន​សម្រេចបាន​កំនើន​ខ្ពស់​នោះទេ ហើយ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ដូចជា Century21 , KW Cambodia, ERA Cambodia , CBRE Cambodia R&F Property, AEON Group Urban Village ជាដើម នឹងមិន​មកកាន់​កម្ពុជា​នោះទេ។

ការឈាន​ជើង​ចូលមក​ដល់​របស់​ក្រុមហ៊ុនធំៗ លំដាប់​យក្ស​លើ​ពិភពលោក មិនមែនជា​រឿង​ចៃដន្យ​នោះទេ ប៉ុន្តែ​ពួកគេ​បាន​សិក្សា​ច្បាស់លាស់​រួចហើយ ទើប​សម្រេចចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា។ ពួកគេ​ការសិក្សា​ទៅលើ​កត្តា​សន្តិភាព និង​ស្ថេរភាព​សង្គម​រយៈពេល​វែង និង​អាច​ទុកចិត្តបាន ទី២ សិក្សា​លើ​សេដ្ឋកិច្ច និង​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​ទី៣ សិក្សា​ទៅលើ​មូលដ្ឋាន​ច្បាប់ បទដ្ឋាន​គតិយុត្តិ​នានា​ថា តើ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ឬ​បើកចំហ​ជាដើម។

សេដ្ឋវិទូ​កម្ពុជា បាន​មើលឃើញ​មូលដ្ឋាន​ទាំងបី​ខាងលើនេះ ដោយ​ហេតុផល​ជាច្រើន។

លោក​បណ្ឌិត​ម៉ី កល្យាណ​ ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការកសាង​មូលដ្ឋានគ្រឹះ​រ៉ឹង​មាំ​នៃ​សង្គម​សេដ្ឋកិច្ច ច្បាប់​នានា​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ពិតជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន ដែល​មិន​ងាយ​ទៅកាន់​ប្រទេស​ណាមួយ ប៉ុន្តែ​ពួកគេ​បានសម្រេច​ចិត្ត​មក​កម្ពុជា និង​កំពុង​រៀបចំ​មូលដ្ឋាន​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​រួចហើយ។

វិបត្តិ​ជំងឺ​កូ​វីដ១៩

វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ត្រូវ​បា​អ្នកវិនិយោគ​អន្តរជាតិ​មើលឃើញ​ប្រទេស​នេះ ប្រៀបដូចជា “កូនក្រមុំ​មួយ” ដោយសារ​ផលចំណេញ​ពី​ការវិនិយោគ​របស់​ប្រទេស​កម្ពុជា មាន​ផលចំណេញ​ខ្ពស់ ធៀប​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ាន ពិសេស​កំណើនសេដ្ឋកិច្ច និង​ស្ថេរភាព​សង្គម​ដែល​ពួកគេ​អាច​ទុកចិត្តបាន។

តាមរយៈ​ភាព​អំណោយផល កាលានុវត្តន៍​ភាព​បែប​នេះហើយ ទើប​ទុនវិនិយោគ​ទំហំ៦០ពាន់​លាន​ដុល្លារ បាន​ចាក់​ចូលក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ក្នុង​ង​រយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ ដែល​ធ្វើ​ឲ្យ​វិស័យនេះ​បាន​ក្លាយជា​កំលាំងចលក​រទប់ និង​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា​ដ៏​ខ្លាំងក្លា។

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បានទទួល​ស្គាល់​ជា​លើកដំបូង​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​បានក្លាយ​ជា “ជ​ន្ទ​ល់” ដ៏​រ៉ឹង​មាំ ក្នុងការ​ទប់​ការដើរថយក្រោយ នៃ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ២០២០មិន​ឲ្យ​ថយចុះ​ខ្លាំង។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​កាលពីពេលថ្មីៗនេះ​ថា “វិស័យ​អចលនទ្រព្យ​បានក្លាយ​ជា​ជ​ន្ទ​ល់​រ៉ឹង​មាំ ក្នុងការ​ទប់​សេដ្ឋកិច្ច​កម្ពុជា​មិន​ឲ្យ​ដើរ​ថយក្រោយ ដោយ​អត្រាកំនើន​នៅសល់​ត្រឹម-3ភាគរយ” ។

ប៉ុន្តែ​វិបត្តិ​ជំងឺ​កូ​វីដ​ដ៏​អូសបន្លាយ​នេះ បានធ្វើ​ឲ្យ​កម្ពុជា​និង​ពិភពលោក​ជួប​ភាព​សោកសៅ និង​សោកនាដកម្ម​មិន​ធ្លាប់មាន ស្របពេល​សេដ្ឋវិទូ​នានា​លើ​ពិភពលោក បានចាត់ទុក​វិបត្តិ​នេះ​មាន​សភាព “អាក្រក់​ជាង” វិបត្តិ​សេដ្ឋកិច្ច​ក្រោយ​សង្គ្រាមលោកលើកទី២ និង​អាក្រក់​ជាង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​ឆ្នាំ២០០៨ រាប់​ដង។

តើ​អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ ទាំង​ភ្នាក់ងារ ទាំង​វិនិយោគិន​ជាតិ អន្តរជាតិ​បាន​រៀនសូត្រ​អ្វី​ពី​វិបត្តិ​នេះ? តើ​វិស័យនេះ​នឹង​ប្រែ​ប្រូ​ល​ដូចម្តេច? ក្រោយ​វដ្ត​ក្រឡាប់ចាក់​នៃ​សេដ្ឋកិច្ចពិភពលោក​ចំនួន​ពីរលើក​នាពេលនេះ?។

តើ​វិស័យ​អចលនទ្រព្យ​នឹង​វិវត្តន៍​បែបណា?

វា​ជា​សំណួរ​ធំ​មួយ ដែល​ត្រូវ​វិភាគ​ដោយ​ឈរលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ​ផង និង​ការព្យាករណ៍​ដោយ​ផ្អែកលើ​និន្នាការ​សង្គម​ផង។

វិភាគ​ឈរលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ និង​កត្តា​ឡូ​សិ​ក គឺ​វិស័យនេះ​នៅតែ​រក្សា​កំនើន​ដោយសារ ទី១ ភាសា​ខ្មែរ​និយម​យកមក​និយាយ គឺ​ដី​មិនកើត​ទេ តែ​មនុស្ស​កើត​រាល់ថ្ងៃ ទី២ កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នឹង​កើនឡើង​វិញ បន្ទាប់ពី​វិបត្តិ​នេះ ព្រោះ​ផលទុនជាតិ​សរុប​នឹង​កើនឡើង ដោយសារ World Bank, ADB, IMF, AMRO បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ចកម្ពុជា នឹង​សម្រេច​កំនើន​ក្នុង​រង្វង់៤ភាគរយ​នៅ​ឆ្នាំនេះ ទោះជា​កម្ពុជា​កំពុង​ជាប់ផុង​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​ក្តី។

ទី៣ លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស នឹង​កើន​ឡើងវិញ​នៅ​ឆ្នាំ២០២២ខាងមុខ ដោយសារ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​មហាមិត្ត​ចិន កាលពីដើមឆ្នាំ២០២១នេះ កម្ពុជា​បានបញ្ចប់​ការចចារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​សាធារណៈរដ្ឋ​កូរ៉េ ទី៣ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ​កម្រិត​តំបន់ (RCEP) ទី៤ រដ្ឋាភិបាល​នឹង​អនុម័ត​ច្បាប់​វិនិយោគ​ថ្មី ដែលមាន​ការបើក​ទូលាយ​ជាង​មុន ងាយស្រួល​ជាង​មុន និង​កាត់បន្ថយ​ការិយាធិបតេយ្យ​កាន់តែច្រើន។

ការព្យាករណ៍ៈ ច្បា​ល់លា​ស់​ហើយ មូលដ្ឋាន​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច ស្ថេរភាព​នយោបាយ​រយៈ​ពេល​វែង និង​មូលដ្ឋាន​ច្បាប់​បើកចំហ ជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន​ក្នុងការ​រុញ​កំនើន​សេដ្ឋកិច្ចជាតិ​កម្ពុ​ជា ព្រោះ​បើ​សេដ្ឋកិច្ច​មិន​កើនឡើង តែ​ដាំ​ក្បាល​ចុះ គ្មាន​អ្នកវិនិយោគ​ណា​ហ៊ាន​វិនិយោគ​ក្នុង​វិស័យនេះ​ទេ។

មួយផ្នែក​ទៀត គឺ​ដោយសារ​មូលដ្ឋាន​រ៉ឹង​មាំ​នៃ​កំលាំងចលករ​សេដ្ឋកិច្ចកម្ពុជា ក៏​នឹង​ងើបឡើង​វិញ​លឿន​ផងដែរ ដូចជា វិស័យ​វាយណភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង​នៅតែ​រក្សា​កំនើន​នៃ​ការនាំចេញ វិស័យ​កសិកម្ម​កំពុង​ងើបឡើង វិស័យ​ទេសចរណ៍​នឹង​ងើប​ឡើងវិញ ពិតណាស់​វា​នឹង​ក្លាយជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន ក្នុងការ​រុញ​វិស័យ​អចលនទ្រព្យ ឲ្យ​មាន​ភាព​រីកចម្រើន ដោយសារ​ទី១ សេដ្ឋកិច្ច​កើនឡើង ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មា​នល​ទ្ឋ​ភាព​ទិញ​លំនៅដ្ឋាន ខុន​ដូ ដីធ្លី​កាន់តែច្រើន។

ទី២ ទំនុកចិត្ត និង​ការ​ស្គា​ល់ពី​ទីផ្សារ​កាន់តែ​ច្បាស់លាស់ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅតែ​បន្ត​វិនិយោគ​ក្នុង​វិស័យនេះ​ច្រើន ដោយសារ​ការវិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់រដ្ឋាភិបាល ការរីកចម្រើន​នៃ​ផ្នែក​នគរូបនីយកម្ម កំនើន​ប្រជាសាស្ត្រ​ជាដើម។ ទី៣ លំហូរ​ទុនវិនិយោគ​ពី​បរទេស​នឹង​កើនឡើង ដោយសារ​កម្ពុជា​នឹង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​អាស៊ី​ពិតប្រាកដ​នៅ​ឆ្នាំ២០៣០ ដែល​ប្រាក់ចំណូល​របស់​មនុស្ស​ម្នាក់​នឹង​កើន​ដល់​ចន្លោះ៣៨០០ដល់១២,០០០ដុល្លារ​សម្រាប់​មនុស្សម្នា​ក់​ក្នុង​មួយឆ្នាំ ទី៤ ផលចំណេញ​ពី​ការវិនិយោគ​នៅតែមាន​កម្រិត​ខ្ពស់ និង​ទី៥ ការវិនិយោគ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​អន្តរជាតិ​បាននិងកំពុង​ធ្វើឡើង ដោយ​ឈរលើ​មូលដ្ឋាន​ចំណេះដឹង ជំនាញ​ច្បាស់លាស់​ជាង​មុន ចេះ​វិភាគ​និង​ថ្លឹងថ្លែង​ច្រើនជាង​មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here