ដោយៈគង់ សូរិយា
ភ្នំពេញៈ បន្ទាប់ពីអភិបាលក្រុងភ្នំពេញ ប្រកាសឲ្យរោងចក្រ សហគ្រាសចាកចេញពីរាជធានីភ្នំពេញកាលពីឆ្នាំមុន តំបន់រោងចក្រ សហគ្រាសនានាដូចជាផ្លូវជាតិលេខ២ តំបន់ចក្រអង្រែលើ និងចក្រអង្រែក្រោម តំបន់ផ្លូវវេង ស្រេងជាដើមបានផ្លាស់ប្តូរមុខមាត់បណ្តើរៗហើយ។
បច្ចុប្បន្នតំបន់ទាំងនោះ កំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន អាគារការិយាល័យជាដើម។
លោកស្រី អាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានមានប្រសាសន៍តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តំបន់ខាងលើនេះ មានភាពប្រែប្រួលច្រើន ដែលវាមិនមែនជាតំបន់រោងចក្រដូចកាលពី១០ឆ្នាំមុននោះទេ។
លោកស្រីបានបន្តថា “កាលពីជាង១០មុន តំបន់ដែលស្ថិតនៅតាមផ្លូវជាតិលេខ២ ជាបណ្តុំរោងចក្រ ប៉ុន្តែពេលនេះស្របពេលដែលរដ្ឋាភិបាល ជំរុញឱ្យរោងចក្រទាំងនោះចេញទៅក្រៅក្រុង វាត្រូវបានប្រែក្លាយជាមណ្ឌលពាណិជ្ជកម្មជំនួសវិញ”។
លោកស្រីបន្តទៀតថា បច្ចុប្បន្ននេះ បើទោះជាតំបន់ខាងលើនេះមានភាពប្រែប្រួល និងរីកចម្រើនយ៉ាងណាក្ដី ប៉ុន្តែសម្រាប់តម្លៃអចលនទ្រព្យនៅតំបន់ខាងលើនេះ ហាក់នៅមានកម្រិត។ លោកស្រីបន្ថែមថា តំបន់នេះមិនសូវមានផ្ទៃដីទំនេរ សម្រាប់អភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប ក្នុងទ្រង់ទ្រាយនោះដែរ ដោយសារតែចំនួននៃលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់នេះមានច្រើន ដែលខុសពីតំបន់អភិវឌ្ឍន៍ថ្មីស្ថិតនៅក្បែរមហាវិថីសម្ដេចតេជោ ផ្លូវ៦០ម៉ែត្រ។
បច្ចុប្បន្ននៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅតំបន់ចក្រអង្រែមានមជ្ឈមណ្ឌ លពាណិជ្ជកម្មមួយចំនួនបានលេចរូបរាងហើយ ដូចជា The Factory, WB Arena, Holiday Outlet ជាដើម។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការអភិវឌ្ឍក្នុងគម្រោងធំៗ នៅតំបន់ជាប់ផ្លូវជាតិលេខ២ គឺមានកំណត់ ដោយសារតែផ្ទៃដីទំនេរមិនមានច្រើន ហើយតម្លៃឡើងខ្ពស់ស្ថិតនៅក្នុងចន្លោះចាប់ពី៣០០០ -៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលមិនអនុញ្ញាតដល់ឱកាសចំណេញលើការវិនិយោគនោះទេ។
លោកបញ្ជាក់ថា “ប្រសិនបើគេមានគម្រោងវិនិយោគធំៗ ភាគច្រើនអ្នកអភិវឌ្ឍន៍នឹងងាកទៅជ្រើសរើសតំបន់អភិវឌ្ឍន៍ថ្មី ខណៈដែលតម្លៃនៅទាប និងមានវិសាលភាពផ្ទៃដីនៅទំនេរច្រើន”។លោកបន្តថា “នេះជានិន្នាការធម្មតានៅតាមប្រទេសនិមួយៗ នៅពេលសេដ្ឋកិច្ចរីកចម្រើន តំបន់ឧស្សាហកម្មនឹងត្រូវផ្លាស់ប្តូរចេញ ពីទីក្រុងជារឿងធម្មតា”។
ជាមួយគ្នានេះ ទីប្រឹក្សាសមាគមអចលនទ្រព្យសកលលោកយិន លាងគង់បានសាទរនឹងគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ក្នុងការរុញរោងចក្រ សហគ្រាសចេញពីទីក្រុង ដែលធ្វើឲ្យមានផលប្រយោជន៍យ៉ាងច្រើនដូចជា ទី១ កាត់បន្ថយចំនួនមនុស្សរស់នៅទីក្រុង ដែលមានភាពណែនណាប់តាន់តាប់ ទី២ ធ្វើឲ្យទីក្រុងកាន់តែមានភាពស៊ីវិល័យ កាត់បន្ថយបាននូវសំណង់មិនរៀបរយ ទី៣ ធ្វើឲ្យការទាញយកផលប្រយោជន៍៍ពីដីធ្លី និងអចលនទ្រព្យដទៃទៀតកើនឡើង។
លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច តែងតែបង្ខំឲ្យមានការផ្លាស់ប្តូរលក្ខខ័ណ្ឌប្រជាសាស្រ្ត និងនគរូបនីយកម្ម ហើយនេះជានិន្នាការធម្មតាសម្រាប់សង្គមជាតិ នៃបណ្តាប្រទេសរីកចម្រើននានានៅលើពិភពលោក”៕