ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញនៅតែមើលឃើញថា វិស័យនេះនៅតែមានក្តីសង្ឃឹមក្នុងការស្វែងរកផលចំណេញនាពេលអនាគត ខណៈដែលបច្ចុប្បន្នអ្នកវិនិយោគមានភាពប្រុងប្រយ័ត្នជាងមុន ដើម្បីបញ្ចៀសហានិភ័យគាំងលំហូរសាច់ប្រាក់។
លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងនារសៀ់លថ្ងៃទី៤ ឧសភាកន្លងមកថា ក្នុងវិបត្តិកូវីដនេះចរន្តនៃការស្វែងរកអចលនទ្រព្យល្អៗ ពីសំណាក់ភ្ញៀវបានថយចុះប្រមាណ៥០ភាគរយ ប៉ុន្តែភ្ញៀវដែលមានធនធានហិរញ្ញវត្ថុរ៉ឹងមាំ នៅតែបន្តវិនិយោគលើវិស័យនេះ ដោយសារពួកគេមើលឃើញផលចំណេញខ្ពស់នាពេលអនាគត។
លោកស្រីបន្តថា “សកម្មភាពទិញលក់អចលនទ្រព្យ នឹងងើបឡើងវិញក្រោយពេលរដ្ឋាភិបាល បើកឲ្យមានការធ្វើដំណើរឡើងវិញ ប៉ុន្តែវិស័យនេះនឹងងើបឡើងវិញនៅមានកម្រិតនៅឡើយ។
ជាមួយគ្នានេះ លោកស្រីអាន សុធីតា អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានមានប្រសាសន៍ដោយសម្តែងសុទិដ្ឋិនិយមថា ការបើកចំហដោយរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តាខេត្តឡើងវិញ ជារឿងល្អប្រសើរណាស់ ដែលធ្វើឲ្យវិស័យនេះនឹងមានសភាពផុសផុល ហើយអ្នកនឹងនៅក្នុងវិស័យនេះនឹងរវល់ការងារច្រើន។
លោកស្រីបន្តថា “អ្នកវិនិយោគអចលនទ្រព្យភាគច្រើននាពេលកន្លងមក ពួកគេបានរង់ចាំមើល ដោយពួកគាត់មិនទាន់សម្រេចចិត្ត ប៉ុន្តែនៅពេលមានការបើកឲ្យមានការធ្វើដំណើរឡើងវិញ ពួកគេនឹងសម្រេចចិត្តវិនិយោគ ប៉ុន្តែវាត្រូវការរយៈពេលមួយចំនួនទៀតផងដែរ” ។
ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានមានប្រសាសន៍ថា អ្នកវិនិយោគមានភាពប្រុងប្រយ័ត្នជាងមុន ក្នុងការវិនិយោគនាពេលបច្ចុប្បន្ននេះ តែអ្នកដែលមានធនធានច្រើន ពួកគេនៅតែបន្តទិញសម្រាប់អចលនទ្រព្យ ដែលពួកគេមើលឃើញផងចំណេញខ្ពស់។
លោកបន្តថា “ការប្រុងប្រយ័ត្ននាពេលនេះ ជាការល្អ ព្រោះការវិនិយោគបើសិនជាមានការជាប់គាំង ឬវិបត្តិអូសបន្លាយ នឹងអាចធ្វើឲ្យមានបញ្ហាលំហូរសាច់ប្រាក់ ហេតុនេះអ្នកវិនិយោគ គួរពិនិត្យមើលមូលដ្ឋានហិរញ្ញវត្ថុរបស់ខ្លួនរ៉ឹងមាំសិន មុនសម្រេចចិត្តវិនិយោគ។ លោកបន្តថា “ហេតុនេះការមានមូលដ្ឋានហិរញ្ញវត្ថុរ៉ឹងមាំ សម្រាប់ត្រៀមរយៈពេលវែងមានសារៈសំខាន់ណាស់ ដើម្បីការពារហានិភ័យពីការគាំងលំហូរសាច់ប្រាក់ បើសិនជាវិបត្តិបន្តអូសបន្លាយ” ៕