តើ​សេដ្ឋវិទូ​បង្ហាញ​ទស្សនៈ​យ៉ាងដូចម្តេច​ចំពោះ​កំនើន​ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា ខណៈ​ប្រទេស​កំពុង​ជួប​វិបត្តិ

0

ដោយៈ ឧ​ត្ត​ម

ភ្នំពេញៈ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បានបង្ហាញ​វិ​ក្ក័​យ​ប​ត្រ​អគ្គិសនី អមដោយ​ពាក្យ​ត្អូញត្អែ ចំពោះ​ការ​បរិមាណ​អគ្គិសនី​ប្រើប្រាស់​អស់​ច្រើនជាង​សព្វដង និង​លើកឡើងថា ក្នុងកំឡុងពេល​ប្រទេស​កំពុងមាន​វិបត្តិ​ហើយ​បែរជា ថ្លៃ​អគ្គិសនី​កើនឡើង។

ជាទូទៅ ការចំណាយ​ទៅលើ​ថ្លៃ​អគ្គិសនី នៅ​កម្ពុជា​អ្នកប្រើប្រាស់​បរិមាណ​កាន់​តែ​ច្រើន​តម្លៃនឹង​ឡើងថ្លៃ ជា​បន្តបន្ទាប់​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង អ្នកប្រើប្រាស់​អស់​កាន់តែ​តិច តម្លៃ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ក៏​កាន់តែ​តិច។ ជាក់ស្ដែង​បើ​អ្នកប្រើប្រាស់​អស់​ត្រឹម​ក្រោម១០គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ តម្លៃ​ត្រឹមតែ៣៨០រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ប្រើប្រាស់​អស់​ចាប់ពី១១គីឡូវ៉ាត់ម៉ោង ឡើងទៅ​ដល់៥០គីឡូវ៉ាត់ម៉ោង​តម្លៃ៤៨០រៀល ប្រើ​អស់ពី៥១ ដល់២០០គីឡូវ៉ាត់ម៉ោង​តម្លៃ៦១០រៀល និង​ប្រើ​ចាប់ពី២០១គីឡូវ៉ាត់ម៉ោង​ឡើងទៅ​ក្នុង​មួយខែ​តម្លៃ​ចាប់៧៣០រៀល​ក្នុង​មួយ​វ៉ា​ត់​ម៉ោង។

លោក​ចាន់ សុផល​នាយក​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍន៍ បានបង្ហាញ​ទស្សន​របស់ខ្លួន​លើ​មូលដ្ឋានចំនួន​ពីរ ទី១ ការយកថ្លៃ​ខ្ពស់​ពី​អ្នក​ដែល​ប្រើប្រាស់​អគ្គិសនី​ច្រើន ដើម្បី​បន្ទាប​ថ្លៃ​សម្រាប់​អ្នកប្រើប្រាស់​តិច (ដែល​អង់គ្លេស​ហៅថា cross subsidies) គឺជា​គោលនយោបាយ​ត្រឹមត្រូវ ។ អ្នកប្រើប្រាស់​អគ្គិសនី​តិច ជាទូទៅ មាន​កម្រិតជីវភាព​ទាប​ជាង​អ្នកប្រើប្រាស់​អគ្គិសនី​ច្រើន ។

ក៏ប៉ុន្តែ មាន​មនុស្ស​ច្រើនណាស់ ដែល​មិន​ទទួលបាន​ការពន្យល់​រឿងនេះ និង​បែរជា​ហួសចិត្ត​ថា មិនគួរ​មាន​ការគិត​កាន់តែ​ថ្លៃ ចំពោះ​ទំនិញ​ដែល​គេ​ប្រើ​កាន់តែច្រើន​សោះ។

ទី២ ការកំណត់​គោលនយោបាយ​រក​ចំណេញ​ពី​ការលក់​អគ្គិសនី និង​ការយកថ្លៃ​ខ្ពស់​ដល់​ធុរកិច្ច រោងចក្រ សហគ្រាស​ជាដើម គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ ចំពោះ​ដំណើរការ​អភិវឌ្ឍ​ទំនើបកម្ម និង​ឧស្សាហកម្ម​នៅ​កម្ពុជា ដែល​នេះ​គឺជា​ចំណុច​ដ៏​គួរឱ្យ​សោកស្ដាយ​មួយ ។

អ្នក​តាម​ដាល​ការ​វិត្ត​នៃ​សេដ្ឋកិច្ចសង្គម​កម្ពុជា លោក​យិន លាង​គ​អ់​បាន​មានប្រសាសន៍ថា ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​ប្រតិកម្ម​ចំពោះ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី​កើនឡើង​ខ្ពស់ ខណៈ​ស្ថានភាព​ប្រទេស​កំពុង​ជួប​វិបត្តិ ជំងឺ​កូ​វីដ​កំពុង​គំរាមកំហែង​ជីវភាព​របស់​ប្រជាពលរដ្ឋ ហេតុនេះ​អាជ្ញាធរ​អគ្គិសនី​គួរ​ពិចារណា​លើ​បញ្ហា​នេះ​ឡើងវិញ ទាក់ទង​នឹង​គោលនយោបាយ​របស់ខ្លួន។

លោក​បន្តថា អគ្គិសនី​កម្ពុជា​គួរ​សិក្សា​ពី​ថ្លៃ​អគ្គិសនី និង​ប្រាក់ចំណូល​ប្រជាជន​ន​នៅតាម​បណ្តា​ប្រទេស​នានា​ជុំវិញ​កម្ពុជា​ថា តើ​តម្លៃ​អគ្គិសនី​របស់​កម្ពុជា ស្ថិតក្នុង​សភាព​បែបណា?។

ពាក់ព័ន្ធ​ជាមួយនឹង​ការឡើង​បរិមាណ ប្រើប្រាស់​អគ្គិសនី​កាន់តែច្រើន​នៅក្នុង​រដូវ​កាល​នេះ លោក​កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បានលើកឡើងជារឿយៗផងដែរ​ថា នៅរដូវក្ដៅ ឧបករណ៍​អេឡិចត្រូនិក ដែល​បំប្លែង​ទៅ​ត្រជាក់​ដូចជា​ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក កង្ហារ​ជាដើម ត្រូវការ​ស៊ី​ថាមពល​ច្រើនជាង​រដូវ​ធម្មតា ហើយ​ជាទូទៅ​គេ​ស៊ី​សង្កេតឃើញថា បរិមាណ​ប្រើប្រាស់​អគ្គិសនី​របស់​ពលរដ្ឋ​ភាគច្រើន ចំណាយ​នៅ​ខែមីនា មេសា និង​ឧសភា ដោយសារតែ​អំឡុង​ពេលនោះ​ជា​រដូវក្ដៅ​ខ្លាំង។

ប៉ុន្តែ​ទោះ​មានការ​ពន្យល់​យ៉ាងណាក្ដី ប្រជាពលរដ្ឋ​នៅតែ​បន្ត​សម្ដែង​ការមិន​ពេញ​ចំពោះ​ការចំណាយ​ដ៏​ច្រើន​គឺ​គុណ​ជា​ពីរ​ជា​បី នៅ​អំឡុង​ខែ​ទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here