ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន CP All Plc ដែលបានចុះបញ្ជីនៅថៃ គ្រោងបើកហាងទំនិញ 7-Eleven ចំនួន៧០០កន្លែងនៅកម្ពុជា ខណៈហាងទំនិញដ៏ល្បីឈ្មោះនេះ បានចាប់ផ្តើមប្រកាសជើសរើសបុគ្គលិកជាបណ្តើរៗនៅកម្ពុជា។
យោងតាមរបាយការណ៍របស់ផ្សារមូលបត្រថៃ (SET) នាពេលកន្លងមកនេះ បានឱ្យដឹងថា ក្រុមហ៊ុនយក្សថៃនេះបានចុះកិច្ចព្រមព្រៀងទិញសិទ្ធិ ដែលនាំយកហាងទំនិញ 7-eleven មកកាន់កម្ពុជា។
ក្រុមហ៊ុន បានឲ្យដឹងថា “ក្រុមហ៊ុន CPALL ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមេ ដើម្បីបើកហាងនៅឡាវ និងកម្ពុជា”។
របាយការណ៍ដដែលនេះបានឲ្យដឹងថា “ផ្អែកតាមការស្ទង់មតិទីផ្សារ និងការប៉ាន់ប្រមាណបឋមរបស់ក្រុមហ៊ុន គឺយើងនឹងបើកហាងទំនិញនេះ ឲ្យបានចំនួនហាង៧០០កន្លែងនៅកម្ពុជា និងចំនួនហាង៥០០កន្លែងនៅឡាវ គ្រោងនឹងបើកនៅពេលខាងមុខ”។
យោងតាមឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃ ក៏ធ្លាប់បានលើកឡើងផងដែរថា ក្រុមហ៊ុននេះ គ្រោងនឹងផ្តល់សិទ្ធិបើកដំណើរការហាងពី៧០០ ទៅ១០០០ នៅទូទាំងក្រកម្ពុជា ដើម្បីជួយជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនថៃនេះ បានចាប់ផ្តើមរៀបចំបើកហាងទំនិញនៅកម្ពុជា ក្នុងឆ្នាំ២០២១នេះ ដែលមានរយៈពេលដំណើរការអាជីវកម្ម៣០ឆ្នាំ ហើយអាចបន្តបាន២០ឆ្នាំបន្ថែមទៀត។
ក្រុមហ៊ុន CP ទាំងអស់ដំណើរការហាងទំនិញ១១,០០០កន្លែង ក្រោមស្លាកយីហោ 7-Eleven នៅថៃ ដែលមានអតិថិជនជាមធ្យម១១,៨ លាននាក់ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះ ទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន 7-Eleven Inc នៅសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប្រចាំតំបន់កាលពីឆ្នាំ១៩៨៩៕