ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើន កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា តាមរយៈពិព័រណ៍មួយនៅកម្ពុជា ស្តីពីសិទ្ធិធ្វើអាជីវកម្មយីហោអាមេរិក ដែលសហការរៀបចំ ដោយស្ថានទូតអាមេរិកនៅភ្នំពេញ នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់សហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានថ្លែងសុន្ទរកថាក្នុងពិធី បើកពិព័រណ៍នេះនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ថា ពិព័រណ៍នេះ បានរៀបចំឡើងតាមប្រព័ន្ធអ៊ិនធឺណែត ដែលមានការចូលរួមពីក្រុមហ៊ុនអាមេរិកចំនួន៩ ដែលមានឈ្មោះល្បី គឺក្រុមហ៊ុន The Boiling Crab, Chili’s, Dickey’s BBQ Pit, Duck Donuts, Long John Silver’s, Mathnasium, Snap Fitness, Tapout Fitness, និង ក្រុមហ៊ុន Tumbles រួមជាមួយសហគ្រិន និងក្រុមហ៊ុនកម្ពុជាចំនួនជាង៣០ ដើម្បីពិភាក្សាពីលទ្ធភាពនៃការសហការគ្នាជាដៃគូ។
ដោយត្រូវបានទទួលស្គាល់ និងកោតសរសើរចំពោះបទដ្ឋាន ការច្នៃប្រឌិត និងគុណភាពនៃផលិតផល និងសេវាកម្មខ្ពស់ ក្រុមហ៊ុនអាមេរិកច្រើនធ្វើឱ្យប្រជាជនកម្ពុជាផ្សារភ្ជាប់ការទាក់ទងជាមួយសហរដ្ឋអាមេរិក។ ជាក់ស្តែង ក្រុមហ៊ុនអាមេរិក និងយីហោល្បីៗរបស់អាមេរិក បានទទួលជោគជ័យ និងកំពុងរីកចម្រើននៅកម្ពុជា រាប់ពីក្រុមហ៊ុនរថយន្ត Ford និង Facebook ដល់កាហ្វេ Starbucks និង Papa John’s pizza ។
ប្រជាជនកម្ពុជាចង់បានផលិតផល និងសេវាកម្មប្រកបដោយគុណភាពបែបនេះ ហើយគេនៅតែចង់បានច្រើនថែមទៀត។ ពិព័រណ៍នេះគ្រាន់តែជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំដោយស្ថានទូតអាមេរិក ក្នុងការណែនាំឲ្យគេស្គាល់ក្រុមហ៊ុនអាមេរិកដែលចង់មករកស៊ីនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា “លំហូរនៃការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានកំណើន ហើយក្រុមហ៊ុនអាមេរិកច្រើនថែមទៀត នឹងបន្តមករកស៊ីក្នុងមួយឆ្នាំៗ ដោយនាំមកជាមួយ នូវរបៀបធ្វើជំនួញប្រកបដោយក្រមសីលធម៌ បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ព្រមទាំងកម្មវិធីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន ចំពោះសង្គម ដែលផ្សាភ្ជាប់ជាមួយនឹងសហគមន៍មូលដ្ឋាន”។
លោកឯកអគ្គរដ្ឋទូត បានថ្លែងបន្តថា ៛គេឃើញយីហោទាំងនេះជាច្រើន នៅអាស៊ីអាគ្នេយ៍ នាពេលសព្វថ្ងៃ ជាពិសេសនៅទីក្រុងបាងកក ប្រទេសសិង្ហបូរី និងទីក្រុងហូជីមិញ។ វាដល់ពេលដែលត្រូវឃើញក្រុមហ៊ុនទាំងនេះ នៅភ្នំពេញផងដែរហើយ។
លោកបន្តថា “ខ្ញុំមានទំនុកចិត្តថា ពិព័រណ៍នេះនឹងធ្វើឲ្យគេដឹងកាន់តែច្រើន ពីឱកាសធ្វើជំនួញដ៏ប្រពៃ ហើយបង្កើតទំនាក់ទំនង ដែលនឹងផ្តល់លទ្ធផលសម្រាប់ប្រទេសទាំងពីរ”៕