ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា ការសិក្សាគំរោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីបានបញ្ចប់ហើយ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី៤ ឧសភាកន្លងមកថា ការសិក្សាពីព្រលាន ដែលមានតម្លៃ១០០លានដុល្លារនេះបានបញ្ចប់ ប៉ុន្តែយើងនៅមានការងារបច្ចេកទេសជាច្រើនទៀត ដែលក្រុមហ៊ុនត្រូវធ្វើការចចារលើភាគលាភ ការងារបច្ចេកទេស ហិរញ្ញវត្ថុ ការងារក្រដាសស្នាមនិងការងារមួយចំនួនទៀត ដែលត្រូវជជែកលំអិតនាពេលខាងមុខនេះ។
លោកបន្តថា “ដោយសារបញ្ហាជំងឺកូវីដ បានធ្វើឲ្យការងារជជែកគ្នារវាងក្រុមហ៊ុន និងមន្រ្តីរដ្ឋាភិបាលត្រូវពន្យាពេលមួយរយៈខ្លី ”។លោកបន្តថា “ការងារសាងសង់ព្រលាននេះយឺតឬលឿន អាស្រ័យលើការចចារវាងរដ្ឋាភិបាល និងក្រុមហ៊ុន”។
ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងធ្វើឡើងនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នអាជ្ញាធរខេត្តបានរៀបចំដីត្រៀម សម្រាប់សាងសង់ព្រលានយន្តហោះនេះទំហំប្រមាណ៦០០ហិកតា។
លោកស៊ិន ចាន់សិរីវុត្ថាធ្លាប់បានឲ្យដឹងថា ព្រលានយន្តហោះនេះ នឹងសាងសង់ឡើងជាព្រលានកម្រិតតំបន់ឬអន្តរជាតិ ដែលអាចទទួលការចុះចតយន្តហោះផ្ទុកអ្នកដំណើរចន្លោះពី១៨០ទៅ២០០នាក់។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានចេញអនុក្រិតបង្កើតគណកម្មការអន្តរក្រសួង ដើម្បីធ្វើការងារជាមួយក្រុមហ៊ុនCHINA Power Group ជាក្រុមហ៊ុនចិន ដែលទទួលបន្ទុកលើការងារសិក្សា និងវិនិយោគព្រលានយន្តហោះនេះ៕