ដោយគង់ ម៉ាលីន
ដោយៈ គម្រោងធំៗចំនួនពីរនៅតំបន់តារាសាគរ ខេត្តកោះកុងត្រូវបានពន្យាពេលដោយសារការរីករាលដាលជំងឺកូវីដ១៩ ដែលបាននិងកំពុងញាំញីរកម្ពុជា។
គំរោងទាំងពីរនោះរូមមាន កាស៊ីណូខ្នាតធំមួយដែលវិនិយោគដោយក្រុមហ៊ុនហុងកុង Century Entertainment International Holdings បានសម្រេចពន្យារពេលបើកកាស៊ីណូថ្មីនៅតំបន់តារាសាគរ នៃខេត្តកោះកុងម្ដងទៀត ក្រោយពន្យារជាច្រើនលើកច្រើនសារដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៣ ឧសភា កន្លងមកនេះ។
ចំណែកគម្រោងមួយទៀត គឺព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ក៏បានពន្យាពេលផងដែរ។ នេះបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានបញ្ជាក់ឲ្យដឹងកាលពីម្សិលម៉ិញ។
នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនបើកកាស៊ីណូនេះ បានពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ពន្យារទៅខែមីនា ហើយពន្យារទៅចុងខែមេសា។ ដូច្នេះ ការពន្យារលើកនេះ ក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបើកឡើយ ដោយនឹងរង់ចាំមើលស្ថានភាពជាក់ស្ដែង។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Century Entertainment កាលពីថ្ងៃសុក្រ កន្លងមកបានឲ្យដឹងថា ដោយសារតែវិធានការបិទខ្ទប់ ការងាររៀបចំបើកកាស៊ីណូថ្មីដែលរួមមានការធ្វើតេស្តប្រព័ន្ធ និងការបណ្តុះបណ្តាលបុគ្គលិក គឺនៅទ្រឹងគ្មានដំណើរការទៅមុខនោះទេ។
ប៉ុន្តែក្រុមហ៊ុន នឹងបន្តធ្វើការងារណាដែលអាចធ្វើទៅបាន ធ្វើយ៉ាងដើម្បីបើកកាស៊ីណូឱ្យបាន នៅពេលស្ថានភាពកូវីដធូរស្បើយ។
កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញនៅតារាសាគរ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។
កាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប១០,៥០០ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន៨០ ម៉ាស៊ីន តុហ្គេមធំៗចំនួន៤០ និងតុលេងល្បែង VIP ចំនួន៥៥ រួមជាមួយនឹងភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រីជាដើម៕