ដោយៈវឌ្ឈនៈ
ភ្នំពេញៈ អ្នកជំនួញដែលមានក្រុមហ៊ុនជាច្រើន ក្នុងដៃបានលើកឡើងថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា កម្ពុជាការធ្វើការតាមផ្ទះរបស់បុគ្គលិក មិនអាចទទួលបានប្រសិទ្ធភាព ដូចធ្វើការនៅតាមការិយាល័យនោះទេ។
លោកគុយ វ៉ាតនាយកប្រតិបត្តិនៃក្រុមហ៊ុនវីត្រាស់គ្រុប បានថ្លែងនៅក្នុងវេទិកាCEOកាលពីរសៀលថ្ងៃទី៥ ឧសភា ២០២១តាមប្រព័ន្ធអនឡាញឱ្យដឹងថា នៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ គេអាចធ្វើការតាមអនឡាញ ទីណាក៏ជាការិយាល័យធ្វើការរបស់គេដែរ ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា កម្ពុជានិងប្រទេសជាច្រើនទៀតមិនទាន់អាចធ្វើការតាមផ្ទះបាននោះទេ ការទិញលក់នានា មិនទាន់អាចធ្វើតាមឌីជីថលបាននោះដែរ បើទោះបីជាកម្ពុជាមានការរីកចម្រើននៅក្នុងវិស័យឌីជីថលនេះក្ដី។
លោកបន្តថា “កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ គេត្រូវធ្វើការដោយផ្ទាល់ ដូចជា សេវាកម្មតាមសណ្ឋាគារ តាមរោងចក្រនិងសេវាកម្មទិញលក់ជាច្រើនទៀត តែក្នុងនោះក៏មានសេវាកម្មឌីជីថលមួយចំនួនផងដែរ ដែលអាចធ្វើការពីផ្ទះបាន តែមិនទាន់ទូលំទូលាយនៅឡើយនោះទេ ហើយក៏មិនប៉ះពាល់នូវការផលិតនោះដែរ”។ លោកបន្តថា “នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ការងារនៅកម្ពុជា គឺនៅតែត្រូវការកន្លែងធ្វើការងារច្បាស់លាស់ ត្រូវការិយាល័យបំពេញការងារត្រឹមត្រូវ ទើបមានប្រសិទ្ធភាពការងារជាងការធ្វើការងារពីផ្ទះឬធ្វើការតាមអនឡាញ”។
លោកគុយ វ៉ាតបានបន្ថែមថា នៅសហរដ្ឋអាមេរិក និងប្រទេសអភិវឌ្ឍន៍ជាច្រើនទៀតគេអាចធ្វើបានហើយ នូវការងារតាមអនឡាញ ការទិញលក់តាមអនឡាញ តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន នៅមិនទាន់អាចធ្វើបានទេ បើទោះបីជាពីរបីឆ្នាំទៀតក៏នៅតែមិនអាចធ្វើបាននៅឡើយដដែល គឺយើងនៅតែត្រូវការករិយាល័យ សម្រាប់បំពេញការងាររបស់បុគ្គលិក ។
ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោកស៊ិន ចន្ធីបានលើកឡើងផងដែរថា នៅក្នុងពេលដែលរដ្ឋាភិបាល សម្រេចបិទខ្ទប់ និងតម្រូវឱ្យក្រុមហ៊ុន សហគ្រាសកាត់បន្ថយការធ្វើការរបស់បុគ្គលិក ដោយរក្សាបុគ្គលិកត្រឹម២ភាគរយនោះ មានក្រុមហ៊ុនជាច្រើនបានផ្អាកសកម្មភាពការងារតែម្ដង ព្រោះថាមនុស្សត្រឹមពីរភាគរយ គឺវាតិចពេកណាស់សម្រាប់បំពេញការងារ ដូច្នេះមានតែផ្អាកការងារ ដោយរង់ចាំឱ្យស្ថានភាពកូវីដល្អប្រសើរវិញនឹងអាចឱ្យបុគ្គលិកចូលធ្វើការវិញ៕