ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្ស Red Sea Development Company ដែលកំពុងសាងសង់Red Sea Project ជាមជ្ឈមណ្ឌលទេសចរណ៍ធំបំផុតក្នុងពិភពលោក នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ទើបទទួលបានកម្ចីជាង៣,៧៦ពាន់លានដុល្លារអាមេរិក ពីធនាគារធំៗចំនួន៤ ដើម្បីយកមកបន្តអភិវឌ្ឍន៍គម្រោងដ៏ធំនេះ។
ក្រុមហ៊ុនរំពឹងថា គម្រោងនេះ រំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ជាលើកដំបូងនៅឆ្នាំចុង២០២២ខាងមុខនេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន កម្ចីនេះគឺហិរញ្ញប្បទានបៃតង ដែលផ្ដល់ឱ្យចំពោះគម្រោងអភិវឌ្ឍន៍ដែលមិនប៉ះពាល់បរិស្ថាន និងមាននិរន្តរភាពប៉ុណ្ណោះ។
លោកJohn Pagano នាយកប្រតិបត្តិនៃក្រុមហ៊ុន Red Sea Development Company បានឱ្យដឹងថា ទំហំនៃគម្រោងនេះគឺស្កឹមស្កៃ ពោលគឺមិនធ្លាប់មាននៅកន្លែងណាក្នុងពិភពលោកទេ។
លោកបន្តថា “គ្រប់ដំណាក់នៃការបង្កើតគម្រោង គឺយើងគិតគូរពីបរិស្ថានជាចម្បង ទាំងការរចនា ការសាងសង់ និងការប្រើថាមពលបៃតងកកើតឡើងវិញជាដើម”។
គម្រោងនេះ មិនត្រឹមតែមិនប៉ះពាល់ដល់បរិស្ថានទេ តែនឹងជួយបង្កើតភាពស្រស់បំព្រងដល់បរិស្ថានដល់ទៅ ៣០% ត្រឹមឆ្នាំ ២០៤០។
លោក John Pagano ពន្យល់ថា ក្រុមហ៊ុនមានគោលបំណងចង់ផ្លាស់ប្តូ រឧស្សាហកម្មទេសចរណ៍ ឱ្យទៅជាសកម្មភាពថែទាំបរិស្ថានជាជាងបំផ្លាញបរិស្ថាន។
គម្រោងនេះ បានប្រកាសជាលើកដំបូងនៅឆ្នាំ២០១៧។ អាកាសយានដ្ឋានអន្តរជាតិ និងសណ្ឋាគារមួយចំនួន គ្រោងនឹងបញ្ចប់ការសាងសង់ ហើយបើកស្វាគមន៍ភ្ញៀវទេសចរនៅចុងឆ្នាំ២០២២។ ដោយឡែក ដំណាក់កាលទី១ ដែលរួមមានសណ្ឋាគារចំនួន ១៦ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣។
សម្រាប់គម្រោងទាំងមូល គឺគ្រោងបញ្ចប់គម្រោងនៅឆ្នាំ២០៣០ ដោយនឹងរួមមាន រីសតចំនួន៥០កន្លែង សណ្ឋាគារ៨០០០បន្ទប់ និងលំនៅដ្ឋាន១០០០កន្លែង នៅលើកោះចំនួន២២។ គម្រោងក៏នឹងរួមមាន នាវាទេសចរណ៍ កន្លែងវាយកូនហ្គោល និងកន្លែងកម្សាន្តផ្សេងៗទៀតផងដែរ៕ប្រភពConstruction&Property៕