ដោយៈគង់ សូរិយា
ភ្នំពេញៈ ជំងឺកូវីដ១៩ មិនត្រឹមធ្វើឲ្យបែបផែន ឬរបត់ជីវិតមានការផ្លាស់ប្តូរនោះទេ ប៉ុន្តែការរៀបចំផែនការជីវិត ផែនការចំណូល និងផែនការវិនិយោគក៏ត្រូវមានការផ្លាស់ប្តូរផងដែរ។
លោកស្រីអាន សុធីតា អតីតនាយិកាក្រុមហ៊ុន CBRE Cambodia និងជាអ្នកវិភាគនៅក្នុងវិស័យអចលនទ្រព្យបានមានប្រសាសន៍ថា មិនត្រឹមតែវិស័យអចលនទ្រព្យទេ គឺគ្រប់វិស័យទាំងអស់ ដែលជំងឺកូវីដបានជះឥទ្ឋិពល ទៅលើបញ្ហាសេដ្ឋកិច្ចចំពោះគ្រួសារ ក្នុងប្រទេស ឬពិភពលោកទាំងមូល ពោលគឺជំងឺនេះបានឲ្យយើងដឹងថា “អ្វីដែលយើងមានគឺខ្លួនយើង និងគ្រួសាររបស់យើង” ។
លោកស្រីបន្តថា “អ្វីសំខាន់បំផុតគឺការមិនដាក់ស៊ុត ក្នុងកន្ត្រកតែមួយ មានន័យថា យើងត្រូវធ្វើពិពិធកម្ម ដើម្បីបញ្ចៀសហានិភ័យ។ ដូច្នេះបើយើងវិនិយោគ គឺមិនត្រូវវិនិយោគលើវិស័យអចលនទ្រព្យទាំងអស់ទេ” ។ លោកស្រីបន្តថា “បើវិនិយោគលើវិស័យសណ្ឋាគារ យើងមិនត្រូវវិនិយោគតែលើវិស័យនេះមួយទេ ព្រោះបើយើងវិនិយោគលើវិស័យតែមួយ បើវាដួលគឺដួលទាំងអស់ នេះជាអ្វីដែលជំងឺកូវីដបានបង្រៀនយើង ពីភាពបត់បែនក្នុងការវិនិយោគ” ។
លោកស្រីអាន សុធីតាបានបន្ថែមថា ជាមួយគ្នានេះ យើងក៏មិនត្រូវវិនិយោគរហូតដល់អស់លុយពីក្នុងខ្លួននោះទេ គឺយើងត្រូវតែមានលុយត្រៀម សម្រាប់បង្ការហានិភ័យណាមួយកើតឡើង ព្រោះយើងមិនដឹងថាមានអ្វីនឹងកើតឡើងនោះទេ។
ជាមួយគ្នានេះ លោកង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនគួរស្វែងរកឬបង្កើតឲ្យមានចំណូលទី២ ក្នុងជីវិតរបស់ខ្លួនបន្ទាប់ពីវិបត្តិជំងឺកូវីដ ព្រោះការមានប្រភពចំណូលតែមួយ នឹងបង្កហានិភ័យដល់ខ្លួនឯង និងគ្រួសាររបស់ខ្លូននៅពេលមានវិបត្តិកើតមានឡើង ដូចជាវិបត្តិជំងឺកូវីដជាដើម។
បញ្ហាពិតប្រាកដបាន និងកំពុងកើតមានលើគ្រួសារខ្មែរ ដែលពឹងផ្អែកលើប្រភពចំណូលតែមួយ ដោយសារការពឹងផ្អែកលើប្រាក់ខែនៅស្ថាប័នណាមួយ ឬក្រុមហ៊ុនណាមួយ នៅពេលក្រុមហ៊ុននោះបិទទ្វារ ឬក្ស័យទុន នឹងធ្វើឲ្យយើងមានបញ្ហាលំហូរសាច់ប្រាក់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ៕