ដោយៈ ម៉ាណេត
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកសម្រេចបានទំហំទឹកប្រាក់១.៩៦៩លានដុល្លារក្នុងក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង២២ភាគរយ បើទោះបីជាស្ថិតក្នុងអំឡុងវិបត្តិកូវីដ១៩។ នេះយោងតាមរបាយការណ៍ចុងក្រោយ ពីការិយាល័យជំរឿនសហរដ្ឋអាមេរិក។
របាយការណ៍បានឱ្យដឹងទៀតថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកសម្រេចបានទំហំទឹកប្រាក់១.៨៦២លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ឆ្នាំ២០២១ កើនឡើង១៦,៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ លំហូរនៃការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានកំណើន។
លោកបានថ្លែងបន្តថា ក្រុមហ៊ុនអាមេរិកច្រើនថែមទៀតបន្តមករកស៊ី ក្នុងមួយឆ្នាំៗ ដោយនាំមកជាមួយនូវរបៀបធ្វើជំនួញ ប្រកបដោយក្រមសីលធម៌ បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ព្រមទាំងកម្មវិធីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន ចំពោះសង្គម ដែលផ្សាភ្ជាប់ជាមួយនឹងសហគមន៍មូលដ្ឋាន។
ផលិតផលសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅសហរដ្ឋអាមេរិកភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ខណៈដែលផលិតផលនាំចូលសំខាន់គឺយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីនជាដើម។
កាលពីឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ មានទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារ ក្នុងនោះ៦,៥ពាន់លានដុល្លារ គឺជាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក៕