ការស្ថាបនាផ្លូវទាំង៣៨ខ្សែតម្លៃ១៤០លានដុល្លារនៅក្រុងសៀមរាបសម្រេចបាន៣០ភាគរយ ខណៈអាជ្ញាធរជំរុញការពង្រឹងគុណភាព

0

          ដោយៈគង់ សូរិយា

          សៀមរាបៈ ការស្ថាបនាផ្លូវចំនួន៣៨ខ្សែ ដើម្បីលើកកំពស់សោភ័ណភាពទូទាំងក្រុងសៀមរាប សម្រេចបានប្រមាណ៣០ភាគរយហើយ ស្របពេលអាជ្ញាធរដាក់ចេញវិធានការណ៍ចំនួន៤ចំណុច ដើម្បីពង្រឹងគុណភាពផ្លូវនេះ។

រដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី៤ ឧសភាកន្លងមក បានចេញគោលការណ៍ថ្មី៤ចំនុចធំៗ ដាក់ឱ្យដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារស្ថាបនា និងម្ចាស់សំណង់ អនុវត្ត ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវ៣៨ ខ្សែនៅសៀមរាប។

អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៦លោក ង៉ាន់ ភិរុណបានមានប្រសាសន៍ឲ្យដឹងថា គោលការណ៍ទាំង ៤ចំនុច នោះ រួមមាន ទី១-ក្រុមការងារទាំងអស់ត្រូវពិនិត្យ តាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ជាប្រចាំ។ លើសពីនេះ គ្រប់អង្គភាពសាងសង់ទាំងអស់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីចូលរួមកាត់បន្ថយភាពខ្ជះខ្ជាយថវិកាជាតិ និង ពេលវេលា ។

ទី២-រដ្ឋបាលសង្កាត់ត្រូវជួយសម្របសម្រួល លើការងារដាក់ពាក្យស្នើសុំភ្ជាប់ប ណ្តាញលូទឹកស្អុយរបស់ប្រជាពលរដ្ឋ ដោយបើកឱ្យអង្គភាពលូបានចូល ទៅផ្សព្វផ្សាយ និងចែកពាក្យស្នើសុំ។ ទី៣-ត្រូវពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងអនុវត្តតាមស្តង់ដាបច្ចេកទេស ធ្វើយ៉ាងណាឱ្យការងារសម្រេចបានទាន់ពេលវេលា។ ទី៤-ពន្លឿនដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។ កន្លងមក ៤ ទីតាំង បានដោះស្រាយរួចរាល់ និង ១ ទីតាំងទៀត ត្រូវស្នើសុំគោលការណ៍បន្តពីថ្នាក់ដឹកនាំ។

គម្រោងស្ថាបនារផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខនេះ៕

បើគិតត្រឹមខែមីនា ឆ្នាំ២០២១ គម្រោងនេះសម្រេចបានប្រមាណជាង៣០% ហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here