ភាគហ៊ុននៅអាស៊ី ហក់ឡើងខ្ពស់ដោយសារចំណាត់ការរបស់មហាយក្សចិន ជាមួយអូស្ត្រាលី

0

ដោយ:សុខុម

គូឡាឡាំពួ: យោងតាមសារព័ត៌មាន The Edge Markets ឱ្យដឹងថា ភាគហ៊ុន និងតម្លៃទំនិញនៅតំបន់អាស៊ី បានហក់ឡើងខ្ពស់នៅថ្ងៃព្រហស្បតិ៍ ទី៦ ឧសភានេះ ស្របពេលមជ្ឈដ្ឋានសាធារណៈមានក្ដីសង្ឃឹមចំពោះការងើបឡើងនៃសេដ្ឋកិច្ច។

ការហក់ឡើងនេះកើតមានឡើង ខណៈរូបិយប័ណ្ណដុល្លារអូស្រ្តាលី ធ្លាក់ថ្លៃ បន្ទាប់ពីមហាយក្សចិន ប្រកាសថា ខ្លួននឹងឈប់ចរចារឿងសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលក្រុងកង់បេរ៉ា។

MSCI ដែលជាសន្ទស្សន៍ផ្សារភាគហ៊ុនធំបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើង០,២៥% ហើយសន្ទស្សន៍ផ្សារភាគហ៊ុនជប៉ុន Nikkei បានហក់ឡើង១,៨% នៅពេលវាបើកដំណើរការឡើងវិញ បន្ទាប់ពីថ្ងៃបុណ្យឈប់សម្រាករយៈពេល៥ថ្ងៃ។

ភាគហ៊ុនចិន ដែលបានបន្តការជួញដូរជាលើកដំបូងចាប់តាំងពីសប្តាហ៍មុនដែរនេះ ទទួលបានលទ្ធផលចម្រុះនៅក្នុងការជួញដូរដំបូង ដោយសន្ទស្សន៍ផ្សារភាគហ៊ុនក្រុងសៀងហៃ Shanghai Composite បានហក់ឡើង០,៤៥% ហើយសន្ទស្សន៍ផ្សារភាគហ៊ុន CSI300 បានដាំក្បាលចុះ០,២%។

នៅ Wall Street ដែលជាសង្កាត់ផ្សារភាគហ៊ុនដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ផ្សារភាគហ៊ុន Dow Jones កាលពីយប់មិញបានហក់ឡើង០,២៩% ចំណែកឯផ្សារភាគហ៊ុន S&P 500 បានហក់ឡើង០,០៧%។

ទោះជាយ៉ាងណា ផ្សារភាគហ៊ុន Nasdaq Composite បានដាំក្បាលចុះ០,៣៧%កាលពីថ្ងៃពុធ ទី៥ ឧសភា នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗបានដាំក្បាលចុះ ក្រោយការធ្លាក់ចុះខ្លាំងកាលពីថ្ងៃអង្គារ ទី៤ ឧសភា។

ភាគហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃខ្ពស់បានដាំក្បាលចុះ បន្ទាប់ពីសំណើរបស់លោកស្រី Janet Yellen រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក ដែលសុំឱ្យដំឡើងអត្រាការប្រាក់ប្រហែលជាមានភាពចាំបាច់ខ្លាំងដើម្បីបញ្ឈប់សេដ្ឋកិច្ចពីការរីកចម្រើនឆាប់រហ័សពេក។ ទោះជាយ៉ាងណា ក្រោយមកលោកស្រីបានលើកឡើងថា លោកស្រីមិនបាន “ព្យាករ ឬណែនាំ” ឱ្យដំឡើងអត្រាការប្រាក់ខែក្នុងរយៈពេលដ៏ខ្លីខាងមុខនេះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here