ស្ពានយោងដោយខ្សែកាបទី១ ឆ្លងកាត់ទន្លេសាប តភ្ជាប់ផ្លូវជាតិលេខ៥ទៅតំបន់ជ្រោយចង្វារសម្រេចបានជិត៤០ភាគរយហើយ

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ស្ពានយោងដោយខ្សែកាបឆ្លងកាត់ដងទន្លេសាប ជាលើកដំបូងសម្រេចបានជិត៤០ភាគរយហើយ លើការសាងសង់ ខណៈគំរោងបញ្ចប់ស្ពាននេះត្រូវបានយឺតយ៉ាវបន្តិច ដោយសារវិបត្តិកូវីដ១៩។

លោកនីស៊ីហារ៉ា វីរ៉ាស៊នប្រធានគ្រប់គ្រងគំរោងស្ពាននេះ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ ឧសភានេះថា បច្ចុប្បន្នដំណើរការសាងសង់ស្ពាននេះ សម្រេចបាន៣៧ភាគរយហើយ ខណៈគំរោងនេះ នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។ លោកបន្តថា ការចំណាយលើការសាងសង់ស្ពាននេះអស់ទឹកប្រាក់ទំហំជាង៣៧លានដុល្លារអាមេរិក។

លោកបន្តថា “ស្ពាននេះមានបណ្តោយ៥០០ម៉ែត្រ និងទទឹក២០,៥ម៉ែត្រ ដែលជាស្ពានលើកដំបូងឆ្លងកាត់ដងទន្លេសាប ដែលយោងដោយខ្សែកាប”។លោកបន្តថា “ស្ពាននេះ នឹងជួយសម្រួលការកកស្ទះចរាចរណ៍ នៅតំបន់រង្វង់មូលជ្រោយចង្វារ នៅពេលសាងសង់រួច ព្រោះបច្ចុប្បន្ននៅម៉ោងបំពេញការងារ តែងតែមានការកកស្ទះចរាចរណ៍នៅតំបន់ជ្រោយចង្វារ”។

លោកនីស៊ីហារ៉ា វីរ៉ា ស៊នបានបន្តថា លើសពីនេះស្ពានឆ្លងកាត់ទន្លេសាបនេះ នឹងជំរុញការអភិវឌ្ឍ នៅលើទីក្រុងរណបជ្រោយចង្វារផងដែរ ខណៈបច្ចុប្ប​ន្នទីក្រុងរណបនេះកំពុងលេចឡើងនូវគំរោងអភិវឌ្ឍន៍ជាច្រើន ទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ លំនៅដ្ឋាន និងសួនកំសាន្តជាដើម។

ស្ពាននេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនOCIC ដែលទទួលបានសិទ្ឋវិនិយោគទីក្រុងរណបជ្រោយចង្វារពីរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here