ក្រុមហ៊ុនថៃជាង៤០០ស្វែងរកឱកាសពង្រីកធុរកិច្ចទៅកម្ពុជា

0

ដោយៈ ម៉ាណេត

បាងកកៈ សមាគម Thai Subcontracting Promotion Association (Thai Subcon) ដែលមានសមាជិកក្រុមហ៊ុននវានុវត្ត និងឧស្សាហកម្មសរុបជាង ៤០០ក្រុមហ៊ុន កំពុងស្វែងរកដៃគូអាជីវកម្ម និងឱកាសពង្រីកប្រតិបត្តិការធុរកិច្ចទៅកាន់ប្រទេសកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។ នេះបើតាមកិច្ចពិភាក្សារវាងលោក Kiattisak Jirakajonvong ដែលជាប្រធានសមាគម ជាមួយលោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ។

នៅក្នុងជំនួបតាមប្រព័ន្ធ Video Conference កាលពីរសៀលថ្ងៃសុក្រ ទី៧ ខែឧសភា ប្រធានសមាគមរូបនេះ បានស្នើសុំស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការរៀបចំកម្មវិធីជំនួបធុរកិច្ច និងទស្សនកិច្ចស្វ័យសិក្សានៅតាមរោងចក្រដែលជាសមាជិក Thai Subcon និងនៅតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសដល់វិស័យឯកជននៃប្រទេសទាំងពីរ ធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាការឆ្លើយតប លោកអ៊ូក សោភ័ណ បានថ្លែងប្រាប់ប្រតិភូ Thai Subcon ថា គោលនយោបាយការទូតសេដ្ឋកិច្ច យុទ្ធសាស្ត្រថៃបូក១ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងគាំទ្រ និងលើកកម្ពស់បរិយាសធុរកិច្ច-វិនិយោគ ការធ្វើពិពិធកម្មទីផ្សារតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី ជាមួយប្រទសចិន កូរ៉េខាងត្បូង និងការចូលរួមជាមួយប្លុក RCEP ជាដើម។

លោកឯកអគ្គរាជទូត បានថ្លែងថា ការរៀបចំបង្កើតឱ្យមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំទីក្រុងបាងកក នឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ថៃ ក៏ដូចជាជំរុញវិស័យទេសចរណ៍ និងវប្បធម៌ សំដៅឆ្លើយតបយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា និងបំណងប្រាថ្នារបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យបានដល់ទឹកប្រាក់ ១៥ប៊ីលានដុល្លារ នៅក្រោយវិបត្តិជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here