រោងចក្រអគ្គិសនីដែលមានថាមពលជិត២០០០មេហ្កាវ៉ាត់កំពុងពន្លឿនការសាងសង់ ដើម្បីឆ្លើយតបតម្រូវការ

0

          ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅក្នុងអណត្តិនេះ កម្ពុជាកំពុងអភិវឌ្ឍន៍វិស័យអគ្គិសនីធំៗចំនួន៥កន្លែង ដែលមានអនុភាពថាមពលសរុប១៩៧៥មេហ្កាវ៉ាត់ ដើម្បីឆ្លើយតបកំណើនតម្រូវការនៅកម្ពុជា។

ក្រោយពីសាងសង់រួច គម្រោងទាំងនេះនឹងដាក់ចូលក្នុងបណ្តាញជាតិឲ្យប្រើប្រាស់ជាផ្លូវការជាបន្តបន្ទាប់ ដើម្បីឆ្លើយតបតាមតម្រូវការនៃការរីកចម្រើននៅកម្ពុជា។

លោកវិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមព​លបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១កន្លងមកថា ការអភិវឌ្ឍន៍វិស័យអគ្គិសនីធំៗចំនួន៥កន្លែង ក្នុងនោះគឺមានក្រុមហ៊ុនចំនួន២បានចូលរួម រួមមានក្រុមហ៊ុន Cambodian Tatay Hydropower ដែលកំពុងសាងសង់គម្រោងតាតៃ (ខេត្តកោះកុង) លើមានអនុភាព១៥០មេហ្គាវ៉ាត់ ក្រោយសាងសង់រួច និងដាក់បញ្ចូលបណ្តាញជាតិនៅឆ្នាំ២០២៣។

រីឯគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ កំពុងចាប់ផ្តើមសាងសង់ដោយក្រុមហ៊ុន SPHS Cambodia Co. Ltd., ដោយមានអនុភាព៨០មេហ្គាវ៉ាត ក្រោយសាងសង់រួច គឺគ្រោងដាក់បញ្ចូល ក្នុងបណ្តាញជាតិនៅឆ្នាំ២០២៦ខាងមុខ។

លោកបន្តថា ចំពោះរោងចក្រក្រៅពីវារីអគ្គិសនី កម្ពុជាមានរោងចក្រអគ្គិសនីដុតធ្យូងថ្មចំនួន ៣ផ្សេងៗទៀត ក្នុងនោះក្រុមហ៊ុន China Huadain មានអនុភាព៧០០មេហ្គាវ៉ាត កំពុងសាងសង់ហើយក្រោយពីសាងសង់រួច គ្រោងភ្ជាប់ចូលបណ្តាញជាតិនៅឆ្នាំ២០២២ មួយលើកនិងឆ្នាំ២០២៣បន្ថែមទៀត។

ចំណែកគម្រោងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានអនុភាព៧០០មេហ្គាវ៉ាត នៅបុទុមសា​គរ គ្រោងភ្ជាប់ចូលបណ្តាញជាតិនៅឆ្នាំ២០២៤ចំនួន៣៥០មេហ្គាវ៉ាត  និងនៅឆ្នាំ២០២៥ ចំនួន៣៥០មេហ្គាវ៉ាត។ ដោយឡែក ក្រុមហ៊ុនផ្សេងមួយទៀត គឺមានអនុភាព៧០០មេ   ហ្គាវ៉ាត ដោយគ្រោងភ្ជាប់ចូលបណ្តាញជាតិចំនួន២លើកផងដែរ គឺនៅឆ្នាំ២០២២ និង ២០២៣ខាងមុខ។

លោកវិកទ័រ ហ្សូនាបានបន្តថា ក្រៅពីការអភិវឌ្ឍន៍វិស័យថាមពលធំៗខាងលើ នៅក្នុងដំណាក់កាលនេះដែរ កម្ពុជានៅមានគម្រោងសាងសង់ថាមពល ពីសូឡាចំនួន២ផ្សេ​ង​ទៀត ក្នុងនោះក្រុមហ៊ុន Prime Road  មានអនុភាព៦០មេហ្គាវ៉ាត និងគម្រោងសាងសង់របស់ក្រុមហ៊ុន Green Sustainable Ventrue ចំនួន២០មេហ្គាវ៉ាត ដោយគ្រោងភ្ជាប់ចូលបណ្តាញជាតិនៅចុងឆ្នាំ២០២១នេះ។

លោកបានបន្ថែមថា “ក្រសួងរ៉ែ និងថាមពល គឺមានផែនការដាក់ចូលបណ្តាញជាតិជាបន្តបន្ទាប់ ដើម្បីជម្រុញឲ្យស្របទៅតាមផែនការអភិវឌ្ឍន៍ថាមពល និងការរីកច្រើននៅកម្ពុជាផងដែរ”។

កាលពីពេលកន្លងទៅនេះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការផ្គត់ផ្គង់អគ្គិសនី ក្នុងនៅកម្ពុជាមានទំហំសរុបជាង៣ពាន់មេហ្គាវ៉ាត់ ក្នុងនោះការជួបបញ្ហាប្រឈមនៃវិបត្តិកូវីដ១៩ ការប្រើប្រាស់អគ្គិសនីបានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនៅពេលយប់ចំនួន នៃការប្រើប្រាស់អគ្គិសនីបានបន្តធ្លាក់ចុះកាន់តែទាប ដែលបញ្ហាទាំងនេះ ជាកក្តាធ្វើឲ្យចំណូលពីការលក់អគ្គសនីបានធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here