ក្រសួង​សាធារណការ សហការ​ជាមួយ​ក្រុមហ៊ុន China Great Wall ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ជី​ភី​អេស សម្រាប់​បំពាក់​លើ​យានយន្ត និង​នាវា

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានស្នើ​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម China Great Wall Industry Corporation ជួយ​រៀបចំ​និង​ជម្រុញ​ការប្រើប្រាស់​ប្រ​ព័​ន្ឋ GPS សម្រាប់​បំពាក់​លើ​យានយន្ត និង​នាវា​នៅ​កម្ពុជា។

លោក​ទេសរដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​ក្រុមហ៊ុន​សាជីវកម្ម China Great Wall Industry Corporation (CGWIC) និង​គណៈប្រតិភូ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយមាន​ការចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅ​ទីស្តីការក្រសួង។

ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន ដែល​សម្រេចបាន​ជោគជ័យ ក្នុងការ​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្កាយរណប Beiduo GPS នៅ​ទូទាំង​ពិភពលោក និង​បាន​ស្វាគមន៍ ចំពោះ​ក្រុមហ៊ុន​ដែល​ត្រៀម​បើក​ការិយាល័យ តំណាង​របស់ខ្លួន​ប្រចាំ​កម្ពុជា ដើម្បី​ការប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប GPS នេះ​នៅក្នុង​តំបន់​អាស៊ាន ចូលរួម​ក្នុង​ការធានា​សុវត្ថិភាព ការដឹកជញ្ជូន ទាំង​ផ្លូវគោក និង​ផ្លូវទឹក។

លោក​ស៊ុន ចាន់ថុល​បាន​បន្តថា “ក្រសួង​ត្រៀមលក្ខណៈ​ជាស្រេច​ក្នុងការ សហការ​លើ​ការ ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប GPS Beidou នៅ​កម្ពុជា​ជា​ប្រយោជន៍ ដល់​ការដឹកជញ្ជូន” ។

លោក​បន្តថា ក្រសួង​គ្រោង​នឹង​លើកយក​ប្រធានបទ​នេះ ទៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បូក​កូរ៉េ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បូក​ចិន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បូក​ជប៉ុន ដែល​កម្ពុជា គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើ​ទឹកដី​អង្គរ​ដោយផ្ទាល់ ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វីដ-១៩មាន​ភាព​ធូរស្រាល ឬ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ។

ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន ជំរុញ​ការបំពាក់ BeiDou GPS ៥៥០គ្រឿង​ដែល​បានគ្រោង​ទុក​នោះ ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ក្រសួង​អាច​យក​ជា​បទពិសោធន៍ និង​មាន​មូលដ្ឋាន ដើម្បី​ជំរុញ​ការប្រើប្រាស់​នៅ​កម្ពុជា ព្រមទាំង អាច​ប្រើប្រាស់​ដើម្បី​ពិភាក្សា ជាមួយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​នា​ចុងឆ្នាំ២០២១ខាងមុខនេះ។

ប្រព័ន្ធ Beidou GPS មាន​សារប្រយោជន៍​អាច​ចូលរួមចំណែក ក្នុងការ​ស្វែងរក​ដំណោះស្រាយ លើ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត កំណត់ដោយ​ច្បាប់ ការបើកបរ​ហួស​ល្បឿន​កំណត់ដោយ​ច្បាប់ និង​ការតាមដាន​យានយន្ត​មិន​ចូលទៅក្នុង​ស្ថានីយ​ថ្លឹង​ទម្ងន់​ជាដើម។

តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​នៃ​ប្រព័ន្ធ BeiDou GPS នឹង​ផ្តល់ ដង្ហើម​ជីវិត​ថ្មី​ទៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា សមស្រប​ជាមួយនឹង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ប្រទេស​ចិន​ផងដែរ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​សាជីវកម្ម China Great Wall Industry Corporation (CGWIC) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​ការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យា​ចាប់​រលកសញ្ញា​ពី​ចម្ងាយ (Remote Sensing) និង​ប្រព័ន្ធ​ផែនទី​ផ្លូវថ្នល់​នៅ​កម្ពុជា កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here