ដោយៈ ម៉ាណេត
ភ្នំពេញៈ ការផ្តល់ឥណទានលើវិស័យអចលនទ្រព្យ សម្រេចបានមានទំហំទឹកប្រាក់ប្រមាណ៥,៣៧ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) ។
របាយការណ៍បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២១នេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន១០,៣៩ពាន់លានដុល្លារ។ កម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាល នៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ស្មើនឹង៥១,៧២%ឬគិតជាទឹកប្រាក់ប្រមាណ៥,៣៧ពាន់លានដុល្លារ។
លោកអឿ សុធារ័ត្នប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១នេះ ដំណើរការទីផ្សារឥណទានបុគ្គលនៅកម្ពុជានៅតែរក្សារបានភាពរឹងមាំ ដោយសារតែការស្នើរសុំ និងដំណើរការឥណទានប្រចាំត្រីមាសនៅតែមានកំណើនជាបន្តបន្ទាប់។
លោកបានថ្លែងបន្តថា “យ៉ាងណាមិញអនុបាទនៃគណនីប្រាក់កម្ចី ជាមួយនឹងការសងយឺត៣០ថ្ងៃ ហួសកាលបរិច្ឆេទកំណត់ បានកើនឡើងដល់២,២៤% ដែលបង្ហាញពីការធ្លាក់ចុះបន្តិចនៃគុណភាពឥណទាន” ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់ថា ដើម្បីឱ្យអចលលនទ្រព្យវិស័យនេះ នៅបន្តភាពរឹងមាំកាន់យូរតទៅទៀត យើងគួរតែជួយជំរុញការផ្តល់ឥណទាន ពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យនេះ តាមរយៈធនាគារ ឬធនាគារពាណិជ្ជ ដែលជាដៃគូរបស់រដ្ឋាភិបាល ដើម្បីផ្តល់កម្ចីទៅឱ្យអ្នក ដែលពាក់ព័ន្ធ មានលទ្ធភាពយកកម្ចីនេះប្រើប្រាស់បន្តទៀត ដូច្នេះវិស័យអចលនទ្រព្យនៅតែបន្តកំណើនរបស់ខ្លួន និងទ្រទ្រង់ទៅឱ្យផ្នែកផ្សេងៗទៀត។
លោកបានថ្លែងបន្តថា “ប្រាក់កម្ចីនៅតែបន្តកើតមាន ដូច្នេះចរន្តទិញលក់អចលនត្រព្យនៅតែមាន ទោះបីជាមានបញ្ហាប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ” ។ លោកបន្តថា “ទោះបីនាបច្ចុប្បន្ន លំហូរវិនិយោគពីប្រទេសត្រូវបានរាំងស្ទះ ដោយសារវិបត្តិកូវិដ១៩ ប៉ុន្តែវិនិយោគិនក្នុងស្រុកបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញវិស័យអចលនទ្រព្យឱ្យមានការរីកចម្រើន” ។
លោកបានថ្លែងបន្តទៀតថា ការជំរុញការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ នឹងជួយវិស័យមានការរីកលូតលាស់បានឆាប់រហ័យឡើងវិញ និងក៏ដូចចូលរួមចំណែកដល់សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានគ្រប់គ្រង ឬបញ្ចប់ទាំងស្រុង៕