ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សហការជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ បានរៀបចំពិធីដាក់ឱ្យដំណើរការនូវប្រព័ន្ធទិន្នន័យស្តីពី សន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់កិច្ចសម្រួលដល់វិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព។
ការសហការរៀបចំដំណើរការនេះ ត្រូវបានធ្វើឡើង តាមប្រព័ន្ធវិដេអូ ក្រោមអធិបតីភាពលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន (Matthew Stephenson) នាយកតោលនយោបាយ និងសហគមន៍ នៃនាយកដ្ឋានវិនិ-យោត និងពាណិជ្ជកម្មអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។
ការសហការរៀបចំប្រព័ន្ធទិន្នន័យនេះ មានគោលបំណង ក្នុងផ្ដល់នូវថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់សម្រួលដល់ ការធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់រវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអ្នកវិនិយោគ ដោយផ្តោតលើការផ្តល់ កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព។
លោករដ្ឋមន្ត្រីប្រតិភូ បានស្នើសុំឱ្យតួអង្គពាក់ព័ន្ធទាំង អស់ចូលរួមប្រើប្រាស់ប្រព័ន្ធទិន្នន័យនេះឱ្យបានទូលំទូលាយ ដោយសង្ឃឹមយ៉ាងមុតមាំថា អ្នកវិនិយោគ និងក្រុមហ៊ុនបរទេសនឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគ ដែលស្វាគមន៍វត្តមាន របស់ពួកគេ ខណះខិតខំជំរុញការវិនិយោគ ដែលមានទង្វើរធុរកិច្ចប្រកប ដោយការទទួលខុសត្រូវ និងមានចីរភាព។
លោកបណ្ឌិតម៉ាធូ ស្តេហ្វិនសុន បានបញ្ជាក់ថា ក្រុមហ៊ុនបរទេសដែលស្វែងរកការវិនិយោគអនុលោមតាមគោលការណ៍ សង្គម បរិស្ថាន និងអភិបាលកិច្ច (ESG) អាចដាក់ការវិនិយោគនៅកម្ពុជា ជាមួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងប្រតិបត្តិការប្រកបដោយចីរភាព ហើយក្រុមហ៊ុនកម្ពុជាដទៃទៀតអាចបង្វែរការតម្រង់ទិស ប្រតិបត្តិការធុរកិច្ចរបស់ខ្លួនទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាពកាន់តែច្រើនថែមទៀត ដើម្បីទាក់ទាញការធ្វើធុរៈកិច្ចរួមគ្នាជាមួយនឹងក្រុមហ៊ុនបរទេស សំដៅលើកកម្ពស់ការធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។
ការជ្រើសរើសកម្ពុជា ជាដៃគូពិភាក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក លើការផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមាំរបស់កម្ពុជាដែល មានគោលនយោបាយបើកចំហរដ៏ប្រសើរចំពោះការវិនិយោគ។
បន្ថែមពីលើនេះ មានមូលហេតុសំខាន់ៗ ចំនួនបី ដែលវេទិកាសេដ្ឋកិច្ចពិភពលោកសម្រេចជ្រើសយកកម្ពុជា ជាដៃគូក្នុងដំណើរការនេះគឺ(១) កម្ពុជា សម្រេចបាននូវភាពជោគជ័យដ៍ធំធេង ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ក្នុងកំណើនគួរឱ្យមោទនៈជាមធ្យមប្រមាណ៥០% ចាប់ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន ហើយវិធានការផ្តល់កិច្ច សម្រួលវិនិយោគបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវជោគជ័យនេះ។
(២) ខណៈពេល ដែលកម្ពុជាត្រូវការការអភិវឌ្ឍ ស្របពេលដែលកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% តាំងពីឆ្នាំ ២០១១មក បទពិសោធន៍របស់កម្ពុជា ក្នុងការធ្វើអានុភាវូបនីយកម្មការវិនិយោគ សម្រាប់ការអភិវឌ្ឍអាច ជួយប្រទេសផ្សេងទៀតក្នុងការរៀនសូត្រពីជ្រុងសំខាន់ៗ នៃការអភិវឌ្ឍពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគនៅកម្ពុជា។
(៣) កម្ពុជា បានក្រសោបយកនូវកិច្ចសហការធ្វើការរួមគ្នា រវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពី ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ បានបង្ហាញនូវការគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាលសម្រាប់កិច្ចសហការ គ្នារវាងរដ្ឋ និងឯកជន ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគបន្ថែមទៀត ដែលប្រការនេះគឺស្របគ្នានឹង បេសកកម្មរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។
ឈរលើមូលដ្ឋានខាងលើនេះ វេទិកាសេដ្ឋកិច្ចពិភពលោក និងកម្ពុជា បានធ្វើការរួមគ្នា ដើម្បីចែករំលែកនូវរបកគំហើញ និងឧត្តមានុវត្តស្តីពី ការផ្តល់កិច្ចសម្រួលវិនិយោគ ជាពិសេស ដំណើរការនៃការរៀបចំប្រព័ន្ធទិន្នន័យស្តីពី សន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់សំដៅផ្តល់ កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព ជាមួយប្រទេសដទៃទៀតក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្ម ពិភពលោក និងក្របខណ្ឌតំបន់ដទៃទៀត៕