រដ្ឋាភិបាលលើកទឹកចិត្តដល់អ្នកធុរកិច្ចសិង្ហបុរីដើម្បីបង្កើនការវិនិយោគនៅកម្ពុជា

0

ដោយៈ សាវុធ

ភ្នំពេញៈ រដ្ឋាភិបាលលើកទឹកចិត្តសិង្ហបុរី ក្នុងការបង្កើនការវិនិយោគនៅកម្ពុជា ក៏ដូចជា ការចូលរួមក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។

ការលើកទឹកចិត្តនេះត្រូវបានធ្វើឡើង ក្នុងកិច្ចពិភាក្សាការងាររវាងលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Teo Lay Cheng ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា តាមប្រព័ន្ធវីឌីអូ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ក្នុងឱកាសជំនួបពិភាក្សា លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកស្រី Teo Lay Cheng ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំនៅកម្ពុជា។

លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអរគុណ ចំពោះប្រទេសកម្ពុជា ដែលសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ការងារជាមួយក្រុមហ៊ុន YCH និង Infrastructure Asia ជាដៃគូឯកជន ក្នុងការសិក្សា និងអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PPLC) និងបានសំដែងនូវកង្វល់ចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ នៅកម្ពុជា ក៏ដូចជាផលប៉ះពាល់ អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសំខាន់ របស់គម្រោង PPLC នៅក្នុងការអភិវឌ្ឍប្រព័ន្ធភ័ស្ដុភារ កម្មជាតិទាំងមូលរបស់ប្រទេសកម្ពុជា ដែលនឹងចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការទាក់ទាញការវិនិយោគ និងការស្ដារឡើងវិញ នៃសេដ្ឋកិច្ចនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការ កម្ពុជា-សិង្ហបុរី កន្លងមក និងនាពេលអនាគត ជាពិសេស ក្រោយវិបត្តិជំងឺកូវីដ ១៩ ដោយលើកទឹកចិត្តសិង្ហបុរីជំរុញ និងបង្កើនការវិនិយោគនៅកម្ពុជា ក៏ដូចជា ការចូលរួមក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានជូនពរចំពោះលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត ឲ្យទទួលនូវភាពជោគជ័យ គ្រប់ភារកិច្ចក្នុងអាណត្តិរបស់លោកស្រីនៅកម្ពុជា។

លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត ក៏បានសំដែងនូវឆន្ទៈមុតមាំក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការកម្ពុជា-សង្ហបូរី ឲ្យកាន់តែរឹងមាំនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here