ដោយៈ គង់ សូរិយា
ភ្នំពេញ ៖ ប្រធានសមាគមទេសទេសចរណ៍ស្នើឱ្យរដ្ឋាភិបាលបង្កើនល្បឿនការចាក់វ៉ាក់បង្ហារកូវីដ១៩ ជូនប្រជាពលរដ្ឋនៅទូទាំងក្នុងសៀមរាប ដើម្បីធ្វើឱ្យក្រុងសៀមរាបក្លាយជាទីក្រុងសាកល្បងដំបូងមួយ ដើម្បីទទួលបានភ្ញៀវទេសចរឡើងវិញ ក្នុងអំឡុង ឬក្រោយវិបត្តិជំងឺកូវីដ១៩។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោកធួន ស៊ីណានបានមានប្រសាសន៍កាលពីថ្មីៗនេះថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មិនទាន់ឈានដល់សភាពការណ៍ញ័រដៃ ញ័រជើងនោះទេ ហេតុនេះលោកគាំទ្រពេញទំហឹង ដល់ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប៉ុន្តែលោកស្នើឲ្យមានការចាក់វ៉ាក់សាំង ដល់ប្រជាជននៅក្រុងសៀមរាប និងតំបន់ជុំវិញទាំងអស់ ដែលប្រជាជនមិនលើសពី៥០ម៉ឺននាក់នោះទេ ព្រោះភ្ញៀវទេសចរណ៍ត្រូវពាក់ព័ន្ឋជាមួយមនុស្សទាំងអស់។
លោកបន្តថា “កម្ពុជាអាចបើកក្រុងសៀមរាបជាModelមួយ បើទទួលបានជោគជ័យអាចធ្វើនៅក្រុងព្រះសីហនុ និងគោលដៅសំខាន់ៗដទៃទៀត ប៉ុន្តែភ្ញៀវទេសចរណ៍ចូលមកដាច់ខាតត្រូវតែបានចាក់វ៉ាក់សាំងរួចហើយ”។លោកបន្តថា “ភ្ញៀវទេសចរណ៍ត្រូវតែធ្វើចត្តាឡីស័ក ប៉ុន្តែយើងគួរពិចារណាកាត់បន្ថយពេលវេលា នៃការធ្វើចត្តាឡីស័ក ព្រោះបើពួកគាត់មក ជាប់ចត្តាឡីស័ក១៤ថ្ងៃ គ្មានអ្នកណាមកនោះទេ”។
លោកធួន ស៊ីណានបានបន្តថា ជាមួយនឹងការចាក់ជូនប្រជាពលរដ្ឋបែបនេះ នៅក្នុងតំបន់ណាមួយជាក់លាក់ គឺរដ្ឋាភិបាលអាចកំណត់ព្រំដែន ដែលភ្ញៀវទេសចរណ៍អាចដើរហើរបានក្នុងកម្រិតកំណត់ជាក់លាក់ ពិសេសគ្រប់គ្រងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋមកកាន់ខេត្តសៀមរាបឲ្យបានតឹងរ៉ឹងផងដែរ។
លោកបន្តថា “បើសិនជាស្ថានភាពបែបនេះ អូសបន្លាយរយៈពេលជាង១ឆ្នាំទៀត ខ្ញុំជឿថាស្ថានភាពពិបាកស្តារណាស់ សណ្ឋាគារធំៗនឹងបិទទ្វារ ហើយមិនងាយស្តារឡើងវិញនោះទេ”។
ជាមួយគ្នានេះដែរ ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាបបានបញ្ជាក់ថា នៅក្នុងខណៈនេះ អ្នកបម្រើសេវាកម្មទេសចរណ៍ មិនអាចរៀបចំដើម្បីទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិឡើងវិញបាននោះទេ ក្នុងពេលកូវីដនៅតែបន្តរាលដាល និងខេត្តសៀមរាបក៏កំពុងតែមានការជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីផងដែរនោះ។ តែសម្រាប់ទីភ្នាក់ងារសមាគមទេសចរណ៍ និងក្រសួងទេសចរណ៍ថា វាគួរតែដល់ពេលរៀបចំបណ្ដើរដើម្បីត្រៀមចាំជាមុន។
លោកហ្វីលីប កៅប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកបម្រើសេវាកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅមិនទាន់បានគិតគូរពីការរៀបចំសេវាកម្មទេសចរណ៍ដើម្បីទទួលស្វាគមន៍ភ្ញៀវនោះទេ ដូចជាការរៀបចំផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ជាដើម។
ម្យ៉ាងវិញទៀត ដោយសារតែហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាបកំពុងសាងសង់ ដូច្នេះការរៀបចំឡើងវិញនៅសេវាកម្មទេសចរណ៍ក៏ពិបាកក្នុងការរៀបចំដែរ ដូច្នេះពេលវេលាល្អគឺនៅពេលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ជាមុនសិន។
លោកបន្តថា ក្រុមប្រតិបត្ដិករទេសចរបាននឹងកំពុងដាក់សំណើរទៅអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដើម្បីសុំវ៉ាក់សាំងសម្រាប់ចាក់អោយក្រុមប្រតិបត្ដិករទេសចរ ជាមុនសិន ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
លោកបន្ថែម បច្ចុប្បន្ននេះ មានភ្ញៀវទេសចរតិចតួចបានទៅទស្សនានៅតាមរមណីយដ្ឋានផ្សេងនៅក្នុងខេត្ដសៀមរាប ក្រោយពេលរាជរដ្ឋាភិបាល បានបើកដំណើរការឡើងវិញនូវរមណីយដ្ឋានទេសចរណ៍នៅក្នុងស្រុក ។ចំណែកការបើកដំណើរការឡើងវិញនូវសេវាផ្ទះសំណាក់ សណ្ឋាគារ ឬការរៀបចំកន្លែងទេសចរណ៍ផ្សេងៗ នៅមិនទាន់បានរៀបចំអោយល្អដូចមុនការផ្ទុះជំងឺកូវីដ១៩នៅឡើយទេ។
លោកបញ្ជាក់ថា តាំងពីឆ្នាំ២០២០មក វិស័យទេសចរណ៍កម្ពុជា បានបាត់បង់ចំណូលយ៉ាងច្រើន ហើយនៅពេលចប់វិបត្តិភ្លាម ក៏ប្រតិបត្តិករមិនអាចរកចំណូលបានមកវិញភ្លាមៗនោះដែរ ត្រង់ចំណុចនេះ រដ្ឋាភិបាលក៏ដូចជាធនាគារគួរទុកពេលវេលាណាមួយសមស្របសម្រាប់ពួកយើងក្នុងការរកចំណូលដើម្បីបង់ពន្ធនិងសងត្រលប់ទៅកាន់ធនាគារវិញផងដែរ។
បើតាមលោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងប្រាប់តាមទូរសព្ទនៅថ្ងៃទី១៣ ខែឧសភា ២០២១នេះថា ការរៀបចំឡើងវិញនូវសេវាកម្មសម្រាប់វិស័យទេសចរណ៍គួរតែចាប់ផ្ដើម ព្រោះយើងមិនអាចមើលឃើញបាននោះទេ។
លោកបានថ្លែងបន្តថា បើសិនជារយៈពេលបីខែឬ៦ខែពិភពលោកបានទប់ស្កាត់កូវីដ១៩បាន ហើយភ្ញៀវអន្តរជាតិក៏ចាប់ផ្ដើមធ្វើដំណើរ ហើយកម្ពុជានៅតែមិនទាន់បានរៀបចំសម្រាប់ទទួលពួកគេ កម្ពុជានឹងបាត់ឱកាសក្នុងការចាប់យកភ្ញៀវអន្តរជាតិដែលចេញធ្វើដំណើរកម្សាន្ត ។ដូចច្នេះជាគោលការណ៍ប្រតិបត្តិករទេសចរគួរតែចាប់ផ្ដើមគិតគូរពីការរៀបចំបណ្ដើរៗឡើងវិញដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិនៅពេលខាងមុខនេះ៕