អស់សំណើចៈ ព្រលានយន្តហោះខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសតែ២នាក់ប៉ុណ្ណោះក្នុងរយៈពេល១ត្រីមាសដំបូង

0

          ដោយៈឧត្តម

ភ្នំពេញៈ វាពិតជាមិនគួរឱ្យនឹកស្មាន ដែលវិស័យទេសចរណ៍កម្ពុជា ជាពិសេសអ្នកដំណើរបរទេស ចូលមកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកដូចនេះ ក្នុងឆ្នាំ២០២១ ជាក់ស្ដែងក្នុងត្រីមាសទី១ ឬ៣ខែដើមឆ្នាំ២០២១នេះ ព្រលាយន្តហោះអន្តរជាតិសៀមរាប ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរអន្តរជាតិរាប់ម៉ឺននាក់ បែរជាទទួលតែ២នាក់ប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ ឧសភា២០២១។

របាយការណ៍នេះឱ្យដឹងថា ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ កម្ពុជាទទួ​លបានភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង៧នាក់ប៉ុណ្ណោះ ហើយភ្ញៀវទេសចរបរទេសដែលចូលតាមច្រកអាកាសយានដ្ឋានមានចំនួនជាង៣ម៉ឺន៣ពាន់នាក់ ហើយភ្ញៀវចូលច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាបមាន២នាក់ ខណៈ១ត្រីមាសកាលពីឆ្នាំ២០២០មានចំនួនជាំង២៤ម៉ឺននាក់ឯណោះ។ នេះជាសញ្ញាដ៏អាក្រក់សម្រាប់វិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២១នេះ ។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឱ្យដឹងថាក្នុងឆ្នាំ២០២១នេះ លោកនៅតែមើលមិនឃើញពីសញ្ញានៃការងើបឡើងវិញនៃវិស័យទេសចរណ៍នោះទេ ខណៈមេរោគរាតត្បាតនេះ នៅតែបន្តវាយលុកលើពិភពលោកដដែល។ វិស័យទេសចរណ៍អាចងើបឡើងវិញបាន លុះត្រាតែមេរោគនេះលែងមានការឆ្លងបន្តទៀត ក្នុងលក្ខខណ្ឌសកលមិនមែនតែកម្ពុជានោះឡើយ។

លោកបន្តថា៖ “បើសិនជាកម្ពុជា អាចបញ្ចប់ការឆ្លងបាន តែក្នុងពិភពលោកនៅតែបន្តឆ្លងរាលដាលដដែល នោះវិស័យនេះកម្ពុជានៅតែមិនទាន់អាចងើបឡើងវិញ បាននោះឡើយ ព្រោះវិស័យទេសចរណ៍កម្ពុជានៅតែពឹងផ្អែកលើភ្ញៀវទេសចរអន្តរជាតិ”។
លោកបន្តថា យ៉ាងណាបើសិនជាកម្ពុជាអាចបញ្ចប់ការឆ្លងបាននោះ ទេសចរក្នុងស្រុកនឹងចាប់ផ្ដើមធ្វើដំណើរកម្សាន្ត និងជាផ្នែកមួយជួយឱ្យវិស័យមិនធ្លាក់ចុះខ្លាំងបន្តទៀត ។

បើតាមការព្យាកររបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០២១ វិស័យទេសច​រណ៍រំពឹងថា នឹងធ្លាក់ចុះបន្តទៀតពី៦០ទៅ៧០ភាគរយ ហើយវានឹងងើបឡើងវិញបន្តិចនៅឆ្នាំ២០២២និងឆ្នាំ២០២៣ គឺមុនពេលនិងក្នុងពេលដែលកម្ពុជា រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម៕

LEAVE A REPLY

Please enter your comment!
Please enter your name here