ដោយៈ សាវុធ
ភ្នំពេញៈ បរិយាកាសធុរកិច្ចសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកំពុងមានភាពប្រសើរឡើង ខណៈការធ្វើការរូមគ្នាចាំបាច់ត្រូវបង្កើតបន្ថែមទៀតនៅក្នុងឧស្សាហកម្ម និងកម្មវិធីជាច្រើនទៀតត្រូវបានណែនាំ ដើម្បីគាំទ្រសហគ្រាសដែលដឹកនាំដោយស្ត្រី ជាពិសេសនៅក្នុងវិស័យដែលទាក់ទងនឹងបច្ចេកវិទ្យា។
នេះបើយោងតាមសិក្សារបស់ធនាគារបច្ចេកវិទ្យាសម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចរបស់អង្គការសហប្រជាជាតិ (United Nations Technology Bank for Least Developed Countries) កាលពីថ្មីៗនេះ។
ការសិក្សានេះត្រូវបានធ្វើឡើងតាមរយៈបទសម្ភាសន៍ពីអ្នកជំនាញក្នុងឧស្សាហកម្ម និងតំណាងមកពីវិស័យឯកជននិងរដ្ឋាភិបាល។ សហគ្រាសធុនតូច និងមធ្យមដែលមានការអភិវឌ្ឍ ការជំរុញការធ្វើឌីជីថលនីយកម្ម និងការផ្តល់សិទ្ធអំណាចដល់ស្ត្រីត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការធានាការផ្លាស់ប្តូរនេះឱ្យទទួលបានជោគជ័យ។
ក្នុងប្រទេសកម្ពុជា ប្រភេទការងារដែលមានគឺមិនមានទំហំធំឬមានជំនាញគ្រប់គ្រាន់ក្នុងការទ្រទ្រង់ប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យានោះទេ។ ពួកគេត្រូវការការងារដែលមានជំនាញខ្ពស់ ជាអ្វីមួយដែលអាចត្រូវបានបង្កើតតាមរយៈការអភិវឌ្ឍន៍អាទិភាពរបស់សហគ្រិន និងសហគ្រាសធុនតូចនិងមធ្យម។
យោងតាមរបាយការណ៍ ក្រុមហ៊ុន៩០ភាគរយនៅទូទាំងពិភពលោកគឺជាសហគ្រាសធុនតូចនិងមធ្យម ដែលផ្ដល់ការងារចំនួន៦០ភាគរយ។
នៅក្នុងប្រទេសកម្ពុជា របាយការណ៍បានឲ្យដឹងថាមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលក្នុងឆ្នាំ២០១៩ គឺជាចំណុចដ៏ល្អមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដើម្បីជួយអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម។
រដ្ឋាភិបាលបានចំណាយថវិកាចំនួន៥លានដុល្លារ ជារៀងរាល់ឆ្នាំដល់មូលនិធិដែលផ្តោតលើការកសាងសមត្ថភាព ការធ្វើឱ្យប្រសើរឡើងនូវសហគ្រាសធុនតូចនិងមធ្យម ការស្វែងរកបណ្តាញ និងការណែនាំ ការលើកកម្ពស់វប្បធម៌សហគ្រិនភាពនិងការផ្តល់មូលនិធិលើកដំបូង។
របាយការណ៍បានលើកឡើងអំពីសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពរដ្ឋាភិបាលដែលដើរតួជាក្រុមហ៊ុនឯកជនដោយវិនិយោគលើក្រុមហ៊ុនក៏ដូចជាផ្តល់ការប្រឹក្សានិងឱកាសក្នុងការភ្ជាប់បណ្តាញដល់សហគ្រិនដែលជាឧទាហរណ៍មួយទៀតនៃគំនិតផ្តួចផ្តើមគំនិតរបស់រដ្ឋាភិបាលដែលឆ្ពោះទៅមុខ។
នៅប្រទេសកម្ពុជា រដ្ឋាភិបាលកំពុងចាត់ទុកវាជាអាទិភាពក្នុងការចុះឈ្មោះសហគ្រាសធុនតូចនិងមធ្យមក្រៅផ្លូវការ។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលដកស្រង់ដោយរបាយការណ៍បានរកឃើញថាមានតែសហគ្រាសកម្ពុជាប្រមាណ៣.៥ភាគរយប៉ុណ្ណោះ ដែលបានចុះបញ្ជីពេញលេញ។
ភាពជាសហគ្រិនស្ត្រីត្រូវបានគាំទ្រដោយអង្គការនានាដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី ប៉ុន្តែរបាយការណ៍បានកត់សម្គាល់ថាគំនិតផ្តួចផ្តើមដែលជំរុញដោយស្ត្រីគឺមានការខ្វះខាតគួរឱ្យកត់សម្គាល់នៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាល។
ការទទួលបានហិរញ្ញប្បទានត្រូវបានចុះបញ្ជីថាជាក្តីកង្វល់ដ៏ធំមួយសម្រាប់ចក្ខុវិស័យកំណើនរបស់សហគ្រាសធុនតូចនិងមធ្យម បើទោះបីជាកម្មវិធីថ្មីៗបានបង្កើតឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយលើកស្ទួយក្រុមហ៊ុនឱ្យរួចផុតពីវិបត្តិសេដ្ឋកិច្ចដោយករណីជម្ងឺរាតត្បាតក៏ដោយ។
របាយការណ៍ក៏បានលើកឡើងពីភាពលំអៀងផ្នែកយេនឌ័រដែលជាបញ្ហាធំមួយនៅក្នុងការផ្តល់ហិរញ្ញប្បទាននៅកម្ពុជា។ របាយការណ៍បានឲ្យដឹងថាធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់អាទិភាពដល់ការពង្រីកហិរញ្ញប្បទានដល់សហគ្រាសដែលដឹកនាំដោយស្ត្រី។
គំនិតផ្តួចផ្តើម Doing Business របស់ធនាគារពិភពលោកបានលើកឡើងពីពេលវេលាចុះបញ្ជីយឺតនិងកង្វះភាពច្បាស់លាស់ទាក់ទងនឹងពន្ធដែលជាកត្តាធ្វើឲ្យប្រទេសកម្ពុជាមានចំណាត់ថ្នាក់លេខ ១៨៧ ក្នុងចំណោម ១៩០ ប្រទេសដែលបានសិក្សានៅក្នុងការស្ទង់មតិនេះ៕