ដោយៈសុខុម
សិង្ហបុរី: ទិន្នន័យពីគេហទំព័រអចលនទ្រព្យ SRX នៅសប្ដាហ៍នេះបានបង្ហាញថា អត្រាថ្លៃឈ្នួលខុនដូ និងលំនៅដ្ឋានក្នុងប្រទេសសិង្ហបុរី បានបន្តហក់ឡើងរយៈពេល៤ខែជាប់ៗគ្នាគិតត្រឹមខែមេសា។ នេះបើយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយនៅថ្ងៃទី១៧ ឧសភា នេះ។
ទន្ទឹមនេះ ក្រុមប្រឹក្សាលំនៅដ្ឋាន និងការអភិវឌ្ឍន៍ (Housing & Development Board- HDB) នៃប្រទេសនេះបាននិយាយថា អត្រាថ្លៃឈ្នួលបានបន្តហក់ឡើងរយៈពេល១០ខែជាប់ៗគ្នា ជាពិសេសអត្រាថ្លៃឈ្នួលខុនដូ និងផ្ទះល្វែងបានកើនឡើង១,៣%ក្នុងខែមេសា បើធៀបនឹងខែមីនា។
ហេតុអ្វីបានជាអត្រាថ្លៃឈ្នួលខុនដូ និងលំនៅដ្ឋានបន្តហក់ឡើងមិនឈប់? ខាងក្រោមនេះជាកត្តាមួយចំនួន ដែលក្រុមអ្នកវិភាគលើកឡើងថា ជាមូលហេតុដែលធ្វើឱ្យអត្រាថ្លៃឈ្នួលខុនដូ និងលំនៅដ្ឋានកើនឡើង៖
*ការសាងសង់ពន្យារពេល
លោក Lee Sze Teck នាយកស្រាវជ្រាវមកពីទីភ្នាក់ងារអចលនទ្រព្យ Huttons Asia បានធ្វើការកត់សម្គាល់ថា អ្នកទិញកាន់តែច្រើនកំពុងប្រឈមមុខ នឹងការពន្យារពេលសាងសង់បញ្ចប់ជាស្ថាពរនូវលំនៅដ្ឋាន ឬផ្ទះឯកជនថ្មីៗរបស់ពួកគេ។
អ្នកទិញទាំងនេះប្រហែលជាជ្រើសរើសជួលខុនដូ ឬលំនៅដ្ឋានដែលមានតម្លៃខ្ពស់ជាងធម្មតាបន្តិច ដើម្បីទទួលបានលក្ខខណ្ឌជួល ដែលមានភាពបត់បែន ហើយកត្តានោះប្រហែលជារួមចំណែកធ្វើឱ្យថ្លៃឈ្នួលកាន់តែកើនឡើងខ្ពស់ក្នុងខែមេសា។
គម្រោងសាងសង់មួយចំនួន អាចនឹងត្រូវពន្យារពេលមួយឆ្នាំទៀត ដោយសារវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរាតវីរុសកូវីដ-១៩ ដែលធ្វើឱ្យខ្វះកម្លាំងពលកម្ម។
*ការសម្រុកលក់ផ្ទះពេលផ្ទះឡើងថ្លៃ
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ OrangeTee & Tie បានលើកឡើងថា ថ្លៃឈ្នួលបានកើនឡើង ខណៈតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់។ លោកស្រីបានបន្តថា ផ្ទះទំនេរមិនសូវមានទេ ហើយចំនួនផ្ទះដែលទើបសាងសង់រួចថ្មីៗក៏មានកម្រិត។
លោកស្រីថា អ្នកខ្លះបានសម្រុកលក់ផ្ទះរបស់ខ្លួន ពេលដែលផ្ទះឡើងថ្លៃ ហើយសុខចិត្តជួលផ្ទះនៅជាបណ្ដោះអាសន្ន។
*តម្រូវការការងារ
លោកស្រី Christine Sun លើកឡើងថា តម្រូវការជួលផ្ទះក៏កើនឡើង ដោយសារនាយកប្រតិបត្តិវ័យក្មេងៗ ដែលរើចេញពីក្រុមគ្រួសាររបស់ខ្លួន ដើម្បីបានកន្លែងធំទូលាយ និងភាពឯកជន ព្រោះពួកគេត្រូវធ្វើការងារពីផ្ទះរយៈពេលវែង។
លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅទីភ្នាក់ងារអចលនទ្រព្យ ERA Singapore ក៏បានលើកឡើងដែរថា ជនបរទេសមួយចំនួនដូចជានិស្សិត អ្នកជំនាញ និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ នៅតែបន្តមកដល់ប្រទេសសិង្ហបុរី ជាបន្តប ន្ទាប់។
*ការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យា
លោក Lee Sze Teck នាយកស្រាវជ្រាវមកពីទីភ្នាក់ងារអចលនទ្រព្យ Huttons Asia បានលើកឡើងថា អត្រាថ្នៃឈ្នួលផ្ទះ បានកើនឡើងកាលពីខែមេសា ខណៈក្រុមហ៊ុនមួយចំនួន ដូចជា ក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតកម្មកំពុងចាប់ផ្ដើមរើសបុគ្គលិកឡើង វិញ។
លោកបានបន្ថែមថា ក្រុមហ៊ុននានាទូទាំងពិភពលោក កំពុងវិនិយោគនៅសិង្ហបុរី នៅឡើយ៕