ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនមិនបង្ហាញសញ្ញានៃភាពថមថយ ក្រុមហ៊ុនធំរបស់ប្រទេសទាំងពីរកំពុងផ្តោតការយកចិត្តទុកដាក់ ក្នុងការផ្លាសប្តូរការវិនិយោគរបស់ខ្លួន មកកាន់អាស៊ីអាគ្នេយ៍។
ក្រុមអ្នកសង្កេតការណ៍បានលើកឡើងទៀតថា ការលំបាកទាក់ទងនឹងការចូលទីផ្សារលោកខាងលិច ការកើនឡើងថ្លៃដើមនៅក្នុងប្រទេស ចិននិងសំណូមពរពីអតិថិជនបានជំរុញឱ្យក្រុមហ៊ុនរបស់ចិន ផ្តោតលើការវិនិយោគនៅបណ្តា ប្រទេសអាស៊ីអាគ្នេយ៍ដែលមានការអភិវឌ្ឍតិចតួច ដូចជាប្រទេសកម្ពុជា។
ប្រទេសអាស៊ានទាំង១០បានមើលឃើញថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ធ្លាក់ចុះ៣១ភាគរយ ក្នុងឆ្នាំ ២០២០។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបានបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្លុកនេះ មានទំហំទឹកប្រាក់ប្រមាណ១៤,៣៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ កើនឡើង៥១ភាគរយ ដែលជាសញ្ញាបង្ហាញពីសារសំខាន់របស់ប្រទេសចិនបច្ចុប្បន្ននៅក្នុងតំបន់។
អាស៊ានត្រូវបានចាត់ទុកថាជាទីផ្សារធំលំដាប់ទី៣ នៅអាស៊ី បន្ទាប់ពីចិននិងឥណ្ឌា ហើយមានប្រជាជន៦៦០លាននាក់ ខណៈចំនួនក្រុមគ្រួសារមានកម្រិតមធ្យកំពុងកើនឡើង។
បច្ចុប្បន្ននេះ ប្រទេសចិនគឺជាប្រភពឈានមុខគេ នៃការវិនិយោគផ្ទាល់ពីបរទេសចូលមកប្រទេសកម្ពុជា ដោយមានទឹកប្រាក់ជិត៩០០លានដុល្លារ បានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំ២០២០។
លោក Xu Ningning នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ានបានមានប្រសាសន៍កាលពីថ្មីៗថា ការវិនិយោគរបស់ចិននៅអាស៊ីអាគ្នេយ៍ អាចត្រូវបានបែងចែកជាវិស័យធំៗចំនួន៥ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ វិស័យផលិតកម្ម វិស្វកម្ម អចលនទ្រព្យ និងe-commerce / សេដ្ឋកិច្ចឌីជីថល។
លោក Xu បានលើកឡើងថា ប្រទេសកម្ពុជាជាមូលដ្ឋានផលិតកម្មក្នុងតំបន់ដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនចិន។ ក្រុមហ៊ុន ដែលសម្រេចចិត្តផ្លាស់ប្តូរទីលំនៅ មកប្រទេសកម្ពុជាអាចចៀសវាងពន្ធគយ និងទណ្ឌកម្មដែលដាក់លើក្រុមហ៊ុនចិន ដែលនាំចេញទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធពីអឺរ៉ុប ក៏ដូចGSP ពីអាមេរិក និងទទួលប្រព័ន្ធGSP ពីអង់គ្លេស ហើយក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយច្រើនជាបណ្តាប្រទេសមួយចំនួន។
លោកឧកញ៉ាបានថ្លែងថា ទាំងអស់នេះ ជាកត្តាដែលទាក់ទាញវិនិយោគប្រទេសកម្ពុជា ស្របពេលដែលអាមេរិក និងចិនដំឡើងពន្ធលើគ្នាទៅវិញទៅមក ក្នុងសង្រ្គាមពាណិជ្ជកម្ម ដូច្នេះវាធ្វើឱ្យមានប្រទេសណា ដែលមានភាពអនុគ្រោះពន្ធ ដូចជាប្រទេសកម្ពុជា គឺគេសម្លឹងឃើញហើយ។
លោកឧកញ៉ាបានថ្លែងបន្តទៀតថា ដើម្បីអាចឱ្យក្រុមហ៊ុនអាមេរិកនាំចេញទៅចិនងាយស្រួល គឺមានក្រុមហ៊ុនមកផលិតនៅកម្ពុជា ព្រោះមានភាពអនុគ្រោះ ហើយដើម្បីងាយស្រួលក្នុងការនាំចេញអាមេរិក ចិននឹងមកផលិតនៅកម្ពុជាផងដែរ ដោយសារកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធGSPនាំចេញទៅអាមេរិក។
លោកឧកញ្ញ៉ាបានបន្ថែមទៀតថា ដូច្នេះភាពទាក់ទាញទាំងនេះហើយ ដែលធ្វើឱ្យទាំងក្រុមហ៊ុនអាមេរិក និងចិនកំពុងសម្លឹងឃើញកម្ពុជាយើង ហើយមិនត្រឹមតែក្រុមហ៊ុនអាមេរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រុមហ៊ុនពីប្រទេសផ្សេងៗ ដែលមានបំណងចង់នាំចេញទៅប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ក៏សម្លឹងរកប្រទេសកម្ពុជាជាទីតាំងផលិតផងដែរ៕