ដោយៈវឌ្ឍនៈ
ភ្នំពេញៈ អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកក្នុងត្រីមាសទី១ ត្រូវបានមើល ឃើញថា នឹងបន្តងើបឡើងក្នុងត្រីមាសទី២ នៃឆ្នាំនេះ។
ស្ថាប័នរបស់អង្គការសហប្រជាជាតិមួយនេះ បាន លើកឡើងនៅក្នុងសន្និសីទអង្គការស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៅថ្ងៃទី១៩ ឧសភា ២០២១កន្លងមក ថា ជាមួយការធ្វើបច្ចុប្បន្នភាពពាណិជ្ជកម្ម ពិភពលោកប្រចាំត្រីមាស ដោយបានបង្ហាញនូវការ ងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ក្នុងត្រីមាស ទី២ឆ្នាំនេះ ដោយសារពាណិជ្ជកម្មផ្នែកទំនិញ និងសេវាកម្មនឹងឡើងដល់៦.៦ទ្រីលានដុល្លារអាមេរិក ពោលគឺកើនឡើង៣១%បើធៀបទៅនឹងឆ្នាំមុន។
របាយការណ៍នោះបានព្យាករថា ពាណិជ្ជកម្ម ពិភពលោកនឹងកើនឡើង១៦%នៅក្នុងឆ្នាំ២០២១ ប៉ុន្តែវាអាស្រ័យទៅលើវិធានការរឹតត្បិ តដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងកត្តាជាច្រើន ទៀតដូចជាសន្ទស្សន៍ថ្លៃទំនិញចាំបាច់។
យោងតាមសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ការងើបឡើង វិញនៃសេដ្ឋកិច្ច នៅតែមានកម្រិតមិនស្មើគ្នា នៅទូទាំងពិភពលោក នៅក្នុងរយៈពេល៣ខែ ដំបូងនេះ ជាពិសេសក្នុងចំណោមបណ្តាប្រទេស កំពុងអភិវឌ្ឍន៍។ ការនាំចេញរបស់បណ្តាប្រទសនៅ អាស៊ីបូព៌ា បានងើបឡើងវិញយ៉ាងខ្លាំង ខណៈដែល ពាណិជ្ជកម្ម របស់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត បានងើបឡើងវិញយ៉ាងយឺត។
ស្ថិតក្នុងចំណោមបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច ការនាំចេញរបស់ ចិនបានបន្តកើនឡើងខ្លាំង និងកើនលើសកម្រិតមុនពេលកើតមានវិបត្តិកូវីដ១៩។
សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា ប្រទេសចិន និងអាមេរិក នឹងក្លាយជាកត្តាជំរុញដ៏សំខាន់ នៃកំណើនពាណិជ្ជកម្មពិភពលោកនៅក្នុងឆ្នាំនេះ ដែលជះឥទ្ធិពលជាវិជ្ជមានដល់ប្រទេសនានា ដែលមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយប្រទេសទាំងពីរ៕