ក្រុមអ្នកជំនាញៈអ្នកវិនិយោគអចលនទ្រព្យចិននឹងត្រលប់មកវិញនាពេលឆាប់ៗនេះ

0

ដោយៈគង់ សូរិយា
ភ្នំពេញៈ បណ្តាថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងថា អ្នកវិនិយោគចិននឹងវិលត្រលប់មកកម្ពុជា នៅពេលឆាប់ៗនេះៗ។

ស្ថាបនិកនិងនាយក ក្រុមហ៊ុនឃីរៀលអេស្ទេត លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងក្នុងសន្និសីទសារព៌តមានស្តីពី “បច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុ ក្នុងកំឡុងពេលវិបត្តិកូវីដ១៩នាព្រឹកថ្ងៃទី២០ ឧសភានេះថា ចិនវិនិយោគច្រើននិងបន្តនាំមុខនៅកម្ពុជា បន្ទាប់ពីជំងឺកូវីដ១៩ និងអ្នកវិនិយោគមកពីប្រទេសផ្សេងទៀត ដូចជាអ្នកវិនិយោគកូរ៉េ ជប៉ុន តៃវ៉ាន់ សាំងហ្កាពួរ ថៃជាដើម។

លោកបន្តថា “កំនើនវិនិយោគចិន ដោយសារទំនាក់ទំនងស៊ីជម្រៅរវាងរដ្ឋាភិបាលកម្ពុជា ចិន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ការវិនិយោគរបស់ចិនកើន៧០ភាគរយនៅឆ្នាំ២០២០”។

បណ្តាអ្នកវិនិយោគចិន វិនិយោគលើវិស័យសំខាន់ៗជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ឋ ផលិតកម្មនិងគ្រឿងបង្គុំ គំរោងវិស្វកម្ម អចលនទ្រព្យ E-Commerce និងកសិកម្ម។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា យើងនៅតែមានសុទិដ្ឋិនិយម ពីកំនើននៃការវិនិយោគរបស់ចិន និងវិនិយោគបរទេសដទៃទៀត ហើយវិនិយោគរបស់ចិននឹងកើនឡើ់ងវិញនាពេលឆាប់ៗខាងមុខ បន្ទាប់ពីស្ថានភាពជំងឺកូវីដបញ្ចប់។ លោកបន្តថា ចិនចូលចិត្តវិនិយោគនិងរស់នៅបែបជាសហគមន៍ ដែលបច្ចុប្បន្នចិនផ្តោតលើការវិនិយោគនៅទីតាំងចំនួនពីរ ទី១ គឺនៅក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។

លោកបន្តថា “ការត្រលប់មកវិញរបស់អ្នកវិនិយោគចិន នឹងធ្វើឲ្យទីផ្សារនេះមានភាពប្រសើរឡើង ហើយការលក់អចលនទ្រព្យទោះបីមានវិបត្តិកូវីដក្តី ប៉ុន្តែការលក់អចលនទ្រព្យបានពឹងផ្អែកលើបច្ចេកវិទ្យាច្រើន ដែលធ្វើឲ្យគំរោងមួយចំនួននៅតែលក់បាន បើទោះបីជាមិនមានភាពល្អប្រសើរដូចមុនពេលមានវិបត្តិក្តី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here