ក្លឹបអ្នកវិនិយោគអចលនទ្រព្យបានចាប់ផ្តើមដំណើរការជាផ្លូវការ

0

ដោយៈរតនៈ
ភ្នំពេញៈ ក្រុមអ្នកវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា បានបង្កើតក្លឹបអ្នកវិនិយោគអចលនទ្រព្យ(Property Investor Club) ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នានិងវិនិយោគរួមគ្នា ដើម្បីជំរុញការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

លោកម៉ម សិរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនEasy Property Investmentនិងជាប្រធានក្លឹបអ្នកវិនិយោគអចលនទ្រព្យ បានប្រាប់គេហទំព័រ propertyarea នៅរសៀលថ្ងៃទី១៩ ខែឧសភានេះថា សមាជិកក្លិបអ្នកវិនិយោគផ្នែកអចលនទ្រព្យនេះ ភាគច្រើនជាសហគ្រិន ដែលបានរៀនសូត្រពីវិស័យអចលនទ្រព្យទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកបន្តថា “ការបង្កើតក្លិបនេះឡើង គឺមានប្រយោជន៍ជាច្រើន សម្រាប់ក្រុមអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ដូចជា ប្រមូលអ្នកវិនិយោគផ្នែកនេះមកជុំគ្នា ដើម្បីផ្លាស់ប្តូរព័ត៌មានគ្នា ដូចជាការដាក់លក់អចលនទ្រព្យល្អៗ”។ លោកបន្តថា “គោលបំណងរបស់ក្លឹប ក៏ចង់ឲ្យសមាជិកបានបញ្ចេញសមត្ថភាព បង្កើតជាវគ្គបណ្ដុះបណ្ដាលដល់សមាជិកអំពីការបង្កើតក្រុមហ៊ុនអចលនទ្រព្យដ៏មានប្រសិទ្ធិភាព ការកសាងបណ្ដាញអ្នកវិនិយោគផ្នែកអចលនទ្រព្យ ដែលអាចឲ្យសមាជិកចាប់ដៃគូសហការវិនិយោគ និងពិភាក្សាកិច្ចការផ្សេងៗដើម្បីពង្រីកកាវិនិយោគ និងសំខាន់មួយទៀតនោះគឺ មានឱកាសវិនិយោគផ្ដាច់មុខមុនគេនៅពេលដែលមានអចលនទ្រព្យល្អ”។

ក្លឹបអ្នកវិនិយោគផ្នែកអចលនទ្រព្យ ត្រូវបានផ្ដួចផ្ដើមឡើងដោយសហស្ថាបនិកចំនូនប្រាំរូប គឺលោកម៉ម សិរីបញ្ញាអគ្គនាយកក្រុមហ៊ុនEasy Property Investment Club, លោកចក់ ស៊ីណាតអគ្គនាយកក្រុមហ៊ុនKatry Real Estate, លោកនី ទីណាតអគ្គនាយកក្រុមហ៊ុនBasac Realty លោកសៅ សាខុំអគ្គនាយកក្រុមហ៊ុនBotra Real Estate និងលោកស្រីចេវ សុឃុននាយិកកាក្រុមហ៊ុនKhat Appraisal៕

LEAVE A REPLY

Please enter your comment!
Please enter your name here