ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ចាប់តាំងពីមានការចាកចេញរបស់ជនជាតិចិន ពីក្រុងព្រះសីហនុនិងរហូតមកដល់វិបត្តិកូវីដ១៩ គម្រោងវិនិយោគថ្មីៗនៅក្នុងទឹកដីខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថា មានសភាពនៅទ្រឹងបន្តិច ប៉ុន្តែអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានជឿជាក់និងរំពឹងថា ការវិនិយោគនៅក្នុងក្រុងព្រះសីហនុ នឹងទទួលបានឡើងវិញនៅពេលចប់វិបត្តិ។
ស្ថាបនិកនិងនាយកក្រុមហ៊ុនឃីរៀលអេស្ទេត លោកសន សៀបបានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមានស្តីពីបច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុ ក្នុងអំឡុងវិបត្តិកូវីដ១៩នាព្រឹកថ្ងៃទី២០ ឧសភានេះថា បន្ទាប់ពីវិបត្តិត្រូវបានគ្រប់គ្រងឆ្នាំក្រោយៗនឹងមានការវិនិយោគថ្មីៗ នៅក្នុងខេត្តព្រះសីហនុ ពីព្រោះបច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុងខេត្តនេះផ្ទាល់ និងតភ្ជាប់ពីរាជធានីភ្នំពេញ ដែលមានផ្លូវល្បឿនលឿនផងដែរ។
លោកបន្តថា “មិនតែប៉ុណ្ណោះ ខេត្តនេះក៏មានឆ្នេរខ្សាច់ កោះស្រស់ស្អាតជាច្រើនកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងមានការអភិវឌ្ឍក្នុងកោះទាំងនោះជាបន្តបន្ទាប់”។
លោកបន្តថាក្រៅពីនេះ នៅខេត្តព្រះសីហនុ ក៏មានតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចកំពុងរៀបចំជាបន្តបន្ទាប់ ហើយតំបន់សេដ្ឋកិច្ចពិសេសនោះទាំងភាគច្រើន ជាការវិនិយោគរបស់វិនិយោគិនចិន។
លោកបន្តថា “ដូច្នេះក្រុងព្រះសីហនុ អាចនឹងក្លាយជាតំបន់ឧស្សាហកម្មដ៏មានសក្ដានុពលនៅពេលអនាគត”។លោកបន្តថា “នៅពេលចប់វិបត្តិនៃកូវីដ១៩ ខ្ញុំជឿជាក់ថា រលកវិនិយោគទី២ ទី៣នឹងចាប់ផ្ដើមនៅក្នុងខេត្តព្រះសីហនុ ហើយនឹងធ្វើឱ្យខេត្តនេះកាន់តែមានសន្ទុះអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ទៀត”។
លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានតម្រង់ទិសយកខេត្តព្រះសីហនុជាប៉ូលមួយ នៃការអភិវឌ្ឍឧស្សាហកម្ម ហើយការអភិវឌ្ឍក្នុងខេត្តមួយនេះ យើងបានមើលឃើញហើយថា មានគម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងបន្តការអភិវឌ្ឍរបស់ខ្លួនដោយគម្រោងខ្លះបញ្ចប់ និងខ្លះទៀតកំពុងបន្ត។ ម្យ៉ាងទៀតក្នុងខេត្តនេះក៏មានការទាក់ទាញខាងវិស័យទេសចរណ៍។ ដូច្នេះខេត្តនេះ នឹងទទួលបានការវិនិយោគទាំងទេសចរណ៍ ឧស្សាហកម្មនិងអចលនទ្រព្យ។
តាមផែនការរបស់រដ្ឋាភិបាលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលនឹងអភិវឌ្ឍន៍យកខេត្តនេះតាមគំរូទីក្រុងស៊ិនជិនរបស់ចិន ដែលទីក្រុងមួយនេះ គឺជាទីក្រុងឧស្សាហកម្មដ៏រីកចម្រើនមួយរបស់ចិន។ បណ្ដុំរោងចក្រឧស្សាហកម្មធំៗ នៅក្នុងទីក្រុងស៊ិនជិនរបស់ចិនគឺជាផ្នែកមួយ នៃការនាំចេញផលិតផលរបស់ចិន ទៅកាន់ទីផ្សារពិភពលោកផងដែរ។ម្យ៉ាងទៀតស៊ិនជិន ក៏ជាទីក្រុងគំរូមួយរបស់ប្រទេសចិនទៀតផង៕