រដ្ឋាភិបាលកម្ពុជាត្រៀមដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចឡើងវិញសម្រាប់ឆ្នាំ២០២១-២០២៣ដោយផ្តោតការងារអាទិភាពបី

0

ដោយៈ ម៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដើម្បីប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាស ដោយផ្អែកលើការកែទម្រង់កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ចនិងសង្គមកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក្រកម្ពុជា បានថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី៛អនាគតរបស់អាស៊ី” ក្រោមប្រធានបទ “ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ “តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ” នៅថ្ងៃទី២០ ខែឧសភានេះថា គោលបំណងនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣នេះ ដើម្បីអូសទាញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ ទៅខិតជិតកំណើន សក្តានុពលប្រកបដោយចីរភាព និងបរិយាបន្នកម្ម។
សម្តេចតេជោបន្ថែមថា “ផែនការស្តារសេដ្ឋកិច្ចឡើងវិញនឹងធ្វើឡើង តាមរយៈការធានារក្សានូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសមូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំងក្លាជាមួយ សង្វាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក”។
សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាផ្តើមចេញពីប្រទេសតូច ដែលធនធានមានកម្រិត នឹងប្តេជ្ញាបន្តខិតខំពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនានា សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមរួម ដើម្បីកសាងភាពធន់ទៅនឹងវិបត្តិ និងធានាឱ្យបាននូវចីរភាពនិងបរិយាបន្នកម្ម នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទាំងក្នុងក្របខណ្ឌតំបន់ និងសកល។
លើមូលដ្ឋានទាំងនេះ កម្ពុជានឹងផ្តល់អាទិភាពដូចជា ទី១ ស្តារឡើងវិញ ដោយកសាងមូលដ្ឋានរឹងមាំ សម្រាប់សេដ្ឋកិច្ចវិលទៅមាគ៌ានៃកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹង និងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្តានុពល ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស ទី២ កែទម្រង់ ដោយបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗ ជារចនាសម្ព័ន្ធ ដែលរួមមាន ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម, ការវិនិយោគនិងធុរកិច្ច ការជំរុញ និងការអភិវឌ្ឍន៍ឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងវិស័យឯកជន។
ទី៣ កសាងភាពធន់ដោយពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្តោតលើការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ មានប្រសិទ្ធភាពនិងការធានានូវចីរភាព និងបរិយាបន្នកម្មនៃការស្តារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here