ដោយៈលក្ខិណា
ភ្នំពេញៈ ការរីកសាយនៃការអភិវឌ្ឍលើវិស័យអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថាស្ទើរតែគ្រប់ផ្នែក តែតំបន់នីមួយៗមានការអភិវឌ្ឍខុសគ្នា ក្នុងនោះផ្នែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា កំពុងបង្ហាញពីសក្ដានុពលទាក់ទាញ សម្រាប់ការវិនិយោគពីវិនិយោគិនក្នុងនិងក្រៅប្រទេស។
លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បើយើងក្រលេកទៅមើលការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ គេមើលឃើញថាមានការរីកសាយដូចៗគ្នា គ្រាន់តែមានការអភិវឌ្ឍខុសៗគ្នាបន្តិចបន្តួចប៉ុណ្ណោះ ក្នុងនោះដែរ តំបន់ខាងលិចរាជធានីភ្នំពេញ ហាក់កំពុងបង្ហាញពីសក្ដានុពលបន្ថែមទៀត សម្រាប់ទាក់ទាញការវិនិយោគក្នុង និងក្រៅប្រទេស ដោយសារតែរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ហើយគម្រោងធំៗមួយចំនួនទៀតក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់ ដូចជាបុរីធំៗជាដើម។
លោកបន្តថា “តំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះ នឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកអភិវឌ្ឍន៍។ ដូច្នេះហើយទើបឃើញរដ្ឋាភិបាលកម្ពុជាយើងបានចំណាយទុន ក្នុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់”។
ជាមួយគ្នានេះ លោកឧកញ៉ាអ៊ឹង គីមហុង វិនិយោគិនអចលនទ្រព្យធំមួយនៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ក៏បានឱ្យដឹងផងដែរថា កត្តាដែលជំរុញឱ្យលោកវិនិយោគអចលនទ្រព្យទៅលើលំនៅឋាន និងដីធ្លី ដោយសារតែលោកមើលឃើញថា ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ប៉ែកខាងលិចកំពុងតែមានការអភិវឌ្ឍច្រើន ទាំងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ផ្លូវក្រវ៉ាត់ក្រុងដែលអាចតភ្ជាប់ទៅកាន់បណ្ដាខេត្តសំខាន់ៗ ដូចជា ទៅព្រំដែនកម្ពុជា ថៃ និងផ្លូវតភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ។
លោកឧកញ៉ាបន្តថា “គម្រោងរបស់លោកនឹងមានជាបន្តបន្ទាប់ ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសទៅលើលំនៅឋាន តម្លៃសមរម្យដីឡូត៍សម្រាប់សង់លំនៅឋានជាដើម ហើយក្រុមហ៊ុនរបស់លោកក៏បានត្រៀមដី ប្រមាណ៥០០ហិចតា ដើម្បីអភិវឌ្ឍន៍អចលនទ្រព្យជាមួយ ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើនទៀតក្នុងស្រុក”។
បច្ចុប្បន្នគំរោងបុរី លំនៅដ្ឋានជាច្រើនបាននិងកំពុងបង្ហាញខ្លួនលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣ ដោយសារតែការកើនឡើងនូវកត្តាប្រជាសាស្រ្ត ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសការពង្រីកផ្លូវជាតិលេខ៣ និងការរៀបចំស្តារឡើងវិញនូវផ្លូវជាតិលេខ៤ បានធ្វើឲ្យតំបន់នេះមានភាពទាក់ទាញកាន់តែខ្លាំង៕