ប្រធានCVEA វត្តមានភ្នាក់ងារអចលនទ្រព្យអន្តរជាតិនឹងជំរុញក្រុមហ៊ុនក្នុង ស្រុកកាន់តែរឹងមាំ

0

ដោយៈ ម៉ាណេត
ភ្នំពេញៈ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ នៅឆ្នាំ២០២១ខាងមុខនេះ ដែលបណ្តាល ឱ្យវិស័យអចលនទ្រព្យផលប៉ះពាល់មួយចំនួន ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិនានាបានចាប់ផ្តើមឈានជើងចូលកម្ពុជា ដែលតម្រូវឱ្យក្រុមហ៊ុនក្នុងស្រុកត្រៀមខ្លួន ដើម្បីប្រកួតប្រជែង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា(CVEA)លោកច្រឹកសុខនីមបានលើកឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា សេដ្ឋកិច្ចសាកលបានចាប់ផ្តើមល្អជាបណ្តើរៗឡើងវិញ ហើយសកម្មភាពនៃវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ចាប់ផ្តើមវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញបណ្តើរៗ ហើយក្នុងនោះក៏ក្រុមហ៊ុនភ្នាក់ងារថ្មីៗបន្ថែមទៀតបានចូលមកក្នុងទីផ្សារកម្ពុជា ដែលវាអាចបង្កើតការប្រកួតប្រជែងដល់ក្រុមហ៊ុនភ្នាក់ងារមានស្រាប់នៅក្នុងស្រុកមួយចំនួន។

លោកបានថ្លែងថា “វត្តមានក្រុមហ៊ុនបរទេស នឹងជម្រុញឱ្យមានការប្រកួតប្រជែងគ្នាជាមិនខាន”។ ដោយឡែកសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុនថ្មីៗ ចូលមកបន្ថែមទៀតជាមិនខាន ដែលក្នុងនោះមានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិផងដែរ”។

លោកច្រឹក សុខនីមបានបន្តថា នៅពេលមានក្រុមហ៊ុនកាន់តែច្រើន វាបង្ហាញពីភាពរីកចម្រើន និងល្អប្រសើររបស់វិស័យអចលនទ្រព្យ ប៉ុន្តែដែលជាបញ្ហាប្រឈមគឺក្រុមហ៊ុនភ្នាក់ងារតូចៗក្នុងស្រុកមួយចំនួន ដែលតម្រូវឱ្យមានការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនភ្នាក់ងារជំនាញធំៗ ជាពិសេសក្រុមហ៊ុន ដែលចូលមកពីក្រៅប្រទេសដែលពួកគេមានជំនាញច្បាស់ និងចំណេះដឹងទូលំទូលាយពាក់ព័ន្ធទៅនឹងវិស័យមួយនេះ។

លោកបានបន្តថា “ដូច្នេះក្រុមហ៊ុនភ្នាក់ងារតូចៗត្រូវពង្រឹកសមត្ថភាព គុណភាព និងចំណេះដឹងបន្ថែមឱ្យបានច្បាស់លាស់ ជាពិសេសត្រូវបង្កើតក្រុមសហការងារឱ្យបានរឹងមាំ គ្រប់ជ្រុងជ្រោយ និងភាពស្មោះត្រង់ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ដែលអាចទទួលបានទំនុកពីអតិថិជន”។

លោកបានថ្លែងទៀតថា អ្វីដែលមិនអាចខ្វះបាន សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ គឺការរៀបចំជាយុទ្ធសាស្ត្ររបស់ក្រុមការងារ ក៏ដូចជាក្រុមហ៊ុន ដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀត ហើយការរៀបចំជាយុទ្ធសាស្ត្រ និងការត្រៀមខ្លួនេះនឹងធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកតែរឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here