ប្រយ័ត្ន៖ កាំកុងត្រូលហាមពលរដ្ឋ ទិញផលិតផលអាមេរិក ក្រោយរកឃើញសារជាតិពុល និងមេរោគ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់សាធារណៈជនសូមកុំទិញនិងទទួលទានផលិ​តផល Kellogg’s HoneySmack cereal ដោយក្រុមហ៊ុន Kellogg Company របស់សហរដ្ឋអាមេរិកក្រោយក្រុមហ៊ុនរកឃើញថាមានសារជាតិពុលនិងមេរោគចម្លង។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) ឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើការជម្រាបជូនដល់សាធារណៈ ពាណិជ្ជករ នាំចូល អាជីវករលក់ដុំ លក់រាយជ្រាបថា រដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូនដំណឹងអំពីការប្រមូលត្រឡប់មកវិញ ពីទីផ្សារសហរដ្ឋអាមេរិកដោយស្ម័គ្រចិត្ត នូវផលិតផល ខេឡូក ហាន់នី ម៉្មេកហ្សឺរៀល បន្ទាប់ពីរដ្ឋបាលឱសថនិងម្ហូបអាហារ រួមជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជម្ងឺឆ្លងសហរដ្ឋអាមេរិក បានស្រាវជ្រាវរកឃើញប្រភពនៃការពុលម្ហូបអាហារបណ្តាលមកពីការទទួល ទានផលិតផលខាងលើដែលចែកចាយដោយក្រុមហ៊ុនអាមេរិក មានសក្តានុពលចម្លងចូលបាក់តេរីសាម៉ុនណេឡា (Salmonella)។

ការទទួលទានអាហារ ដែលមានការចម្លងចូលបាក់តេរីនេះ បណ្តាលឲ្យមានជម្ងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន។ល។ ស្រ្តីមានផ្ទៃពោះ ទារក កុមារតូច និងមនុស្សចាស់ គឺជាជនរងគ្រោះ។

សេចក្តីជូនដំណឹងដដែលបានបន្តថា ជុំវិញបញ្ហានេះអគ្គនាយកដ្ឋានកាំកុងត្រូលបាននឹងកំពុងចាត់វិធានការ រួមមាន រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបានអធិប្បាយ, ផ្តល់ព័តមានដល់ក្រុមហ៊ុននាំចូលដល់អាជីវករលក់ដុំ និងរាយក្នុងករណីមាននាំចូលនិងមានចរាចរលើទីផ្សារ និងត្រួតពិនិត្យនៅតាមទីផ្សារធំ តូច ផ្សារទំនើប ដើម្បីសម្របសម្រួ​ល និងមានវិធានការតាមនីតិវិធីប្រសិនបើមានការដាក់តាំងលក់។

សេចក្តីជូនដំណឹងដដែលបានបន្តព្រមានថា “ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សុខភាពជាយថា​ហេតុ អគ្គនាយ​កដ្ឋានកាំកុងត្រូល បានអំពាវនាវដល់សាធារណៈជន សូមកុំទិញផលិតផលដូចជម្រាបជូនខាងលើ និងសូមជួយសហការផ្តល់ព័តមាន ដល់មន្រ្តីមានសមត្ថកិច្ចក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here