ដោយៈលក្ខិណា
ភ្នំពេញៈ តាំងពីមានការចាកចេញរបស់ជនជាតិចិនពីកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៩ និងមកដល់វិបត្តិកូវីដ១៩ ភ្ញៀវទេសចរបរទេសទៅកម្សាន្តក្នុងខេត្តសៀម បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តមួយនេះ រងផលប៉ះពាល់ជាងគេ ក្នុងចំណោមខេត្តទូទាំងប្រទេស។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកលឹម សុជាតិបានឱ្យដឹងក្នុងសន្និសីទសារព៌តមាន កាលពីម្សិលម៉ិញនេះថា យើងបានដឹងស្រាប់ហើយថាខេត្តសៀមរាប ជាខេត្តមួយដែលទាក់ទាញខ្លាំង នៅក្នុងវិស័យទេសចរណ៍ ហើយក៏បានបង្កើតនូវចំណូល និងការងារជាច្រើនដល់ពលរដ្ឋ ក្នុងតំបន់ក៏ដូចជាពលរដ្ឋពីបណ្ដាខេត្តនានា រាប់ពីការងារក្រៅប្រព័ន្ធ និងការងារក្នុងការិយាល័យជាច្រើនទៀត។
លោកបន្តថា “វិស័យជាច្រើននៅក្នុងខេត្តសៀមរាប ជាពិសេសទេសចរណ៍បានរងផលប៉ះពាល់ខ្លាំង និងមានអាជីវកម្មក្នុងវិស័យនេះ ជាច្រើនបានបិទនិងផ្អាកអាជីវកម្ម ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ជាច្រើនទៀត ដែលធ្វើឱ្យបុគ្គលិកនៅក្នុងអាជីវកម្មទាំងនោះ ក៏ត្រូវបានបាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ”។
លោកស្រី ក្លេខៃ ចិន្ដាប្រធានសមាគមសណ្ឋាគារកម្ពុជា ក៏បានលើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០២០មកម្ល៉េះ វិស័យសណ្ឋាគារនៅកម្ពុជា ចាប់ផ្ដើមមានបញ្ហា ជាពិសេសនៅក្នុងខេត្តសៀមរាប ដែលធ្វើឱ្យម្ចាស់អាជីវកម្មសណ្ឋាគារមួយចំនួន បង្វែរអាជីវកម្មរបស់ខ្លួនទៅអាជីវកម្មផ្សេង ដើម្បីរកចំណូលទប់នឹងការចំណាយរបស់ខ្លួនប្រចាំខែ។
លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាកកងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ផងដែរថា ដោយសារតែសៀមរាប កន្លងមកមានភ្ញៀវទេសចរបរទេសច្រើនមកទស្សនា និងប្រើសេវាកម្មទេសចរណ៍ក្នុងខេត្តមួយនេះ ប៉ុន្តែពេលដែលបាត់បង់ភ្ញៀវ ធ្វើឱ្យសេដ្ឋកិច្ចក្នុងនេះ ក៏រងផលប៉ះពាល់ជាង ក្នុងនោះសណ្ឋាគារ និងសេវាទេសចរណ៍ជាច្រើនទៀតក៏ដូចគ្នា គឺបាត់បង់ចំណូល ផ្អាកអាជីវកម្ម និងបិទទ្វារមួយរយៈជាដើម។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិសៀបរាប ក្នុងរយៈពេល៣ខែដំបូង ទទួលបានភ្ញៀវទេសចរបរទេសតែ២នាក់ប៉ុណ្ណោះ ខណៈរាល់ឆ្នាំអាកាសយានដ្ឋានមួយនេះ ទទួលបានភ្ញៀវទេសចរបរទេសរាប់សិបម៉ឺននាក់៕