ដោយៈ ម៉ាណេត
ភ្នំពេញៈ នាយកដ្ឋានផ្លូវហាយវ៉េថៃ បានបញ្ជាក់ថា ផ្លូវហាយវ៉េថ្មីមួយដែលតភ្ជាប់ពីប្រទេសថៃ និងកម្ពុជាសម្រេចបានប្រមាណ៧០ភាគរយហើយ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
ផ្លូវហាយវ៉េ ដែលមាន៤គន្លងនេះ នឹងត្រូវដាក់ឈ្មោះថា “ផ្លូវ៣៦៤៦” ហើយភ្ជាប់ពីបានណងអៀន (Ban Nong Ian) នៅស្រុកអារញ្ញប្រាថេត ខេត្ត ស្រះកែវទៅកាន់ស្ពានមិត្តភាពថៃ-កម្ពុជាក្នុងស្រុកស្ទឹងបត់ ក្នុងខេត្តបន្ទាយមានជ័យ។
ផ្លូវតម្លៃ២ពាន់លានបាតនេះ (៦៣,៧លានដុល្លារ) មានប្រវែងប្រហែល២៥គីឡូម៉ែត្រ ហើយនឹងតភ្ជាប់ផ្លូវហាយវេលេខ៣៣ និងផ្លូវ ៣៣៦៦។ វានឹងជួយសម្រួលដល់ចរាចរណ៍នៅច្រកត្រួតពិនិត្យ Ban Khlong Luek និងជួយសម្រួលដល់ការដឹកជញ្ជូន និងទេសចរណ៍ក្នុងចំណោមប្រទេសទាំងពីរនាពេលអនាគត។
ការស្ថាបនាផ្លូវហាយវ៉េគ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំក្រោយ។
កម្ពុជា និងថៃ កំពុងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនទំនិញ ក៏ដូចជាទេសចេរណ៍ និងតភ្ជាប់បើកព្រំដែនថ្មីជាដើម។
តួយ៉ាង ភាគីថៃ និងកម្ពុជា បានឯកភាពគ្នា ក្នុងការបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់ជាបណ្តោះអាសន្ន ដើម្បីជំរុញកំណើននៃការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរ
គម្រោងសាងសង់ផ្លូវមួយខ្សែ តភ្ជាប់រវាងភូមិថាសេន ឃុំឡែមកាត់ ស្រុមមឿង ខេត្តត្រាត ប្រទេសថៃ មកកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់ប្រទេសកម្ពុជា ក្រោមការចំណាយរបស់ថៃត្រូវបានបញ្ចប់ ការសាងសង់ជាស្ថាពរហើយ។
ប្រទេសថៃគ្រោងចំណាយប្រាក់២៣០០លានដុល្លារ ដើម្បីសាងសង់គម្រោងសាងសង់ដំណាក់កាលទី២ នៃប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ខ្លួន ដែលជាប់នឹងខេត្តចំនួន៤ របស់កម្ពុជាគ្រោងនឹងចំណាយប្រាក់៣,២ពាន់លានដុល្លារ៕