ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ ក្រសួងអប់រំ យុវជននិងកីឡាបានដាក់ចេញយុទ្ឋសាស្រ្ត និងប្រជុំគ្នារួចហើយ ដើម្បីបើកសាលារៀនឡើងវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ នាពេលខាងមុខនេះ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចាថ្លែងឲ្យដឹងថា ក្រសួងអប់រំបានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រ ត្រៀមបើកសាលារៀនឡើងវិញ ក្រោយការប្រកាសបិទព្រឹត្តិការណ៍ ២០ កុម្ភៈ។ ប៉ុន្ដែការបើកសាលារៀនឡើងវិញ គឺត្រូវផ្តោតលើគោលការណ៍សុវត្ថិភាព សុខភាពស្របតាមវិធានការសុខាភិបាល។
លោកបន្តថា “ក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រត្រៀមបើកសាលារៀនឡើងវិញ ក្រោយការប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភ:។ ជារួមការបើកសាលារៀនឡើងវិញ នាពេលណាមួយខាងមុខនេះ ផ្តោតលើគោលការណ៍សុវត្ថិភាពសុខភាព ស្របនឹងវិធានការសុខាភិបាល ដើម្បីលើកកម្ពស់គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”។
លោករស សុវាចាបានបញ្ជាក់ថា “ក្រសួងអប់រំ នឹងជម្រាបជូនសាធារណជននាពេលក្រោយស្តីពី ព័ត៌មានពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ និងទិដ្ឋភាពពាក់ព័ន្ធ”។
មកដល់ពេលនេះ បុគ្គលិកអប់រំ និងលោកគ្រូ-អ្នកគ្រូចំនួន៨៥% នៃចំនួនសរុប ១៥៨,០០០ នាក់ នៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ។
លោកបានថ្លែងថា ចំពោះមុខនេះសិស្សានុសិស្សនៅទូទាំង ២៥ ខេត្ត-រាជធានី ត្រូវបន្តអនុវត្តវិធានការ៣ការពារ ៣កុំ និងអាចរៀនអនឡាញបាន តាមរយ:មាតិកាឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកបង្ហាញថា មាតិកាឌីជីថលទាំងនោះរួមមាន កម្មវិធីស្វ័យសិក្សា MoEYS E-Learning ដែលមានវីដេអូ
សិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ៕