ដោយៈ សុខុម
វ៉ាស៊ីនតោន: កាលពីថ្ងៃសុក្រសប្ដាហ៍មុន មូលនិធិរូបិយអន្តរជាតិ (IMF) បានស្នើផែនការ ដែលមានទំហំទឹកប្រាក់៥០ពាន់លានដុល្លារ ដើម្បីរួមចំណែកបញ្ចប់វិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន The Korea Times ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៣ ឧសភា។
ផែនការនេះ មានបំណងបង្កើនការចាក់វ៉ាក់សាំងទូទាំងពិភពលោក ខណៈបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំង បានសន្យាផ្គត់ផ្គង់វ៉ាក់សាំងរាប់ពាន់លានដូស ទៅដល់បណ្ដាប្រទេសក្រីក្រត្រឹមដំណាច់ឆ្នាំ២០២២។
ការសន្យានេះ ធ្វើឡើងនៅពេលដែលប្រទេសអេស្ប៉ាញ ប្រកាសថា ខ្លួននឹងបើកព្រំដែន របស់ខ្លួនស្វាគមន៍អ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងទាំងអស់នៅខែក្រោយ ដោយផ្តល់ក្តីសង្ឃឹមថា រដូវកាលទេសចរណ៍នៅអឺរ៉ុប នឹងស្ទុះងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ធ្ងន់ធ្ងរកាលពីឆ្នាំមុន។
ប៉ុន្តែនៅទ្វីបអាមេរិកឡាទីន វីរុសកូវីដ-១៩ បានបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរ នៅពេលចំនួនអ្នកស្លាប់សរុប ដោយសារវីរុសកូវីដ-១៩ នៅក្នុងទ្វីបនេះបានកើនឡើងដល់១លាននាក់។
ចំណែកអង្គការសុខភាពពិភពលោក (WHO) និយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដ ដោយសារការឆ្លងរាតត្បាតវីរុសដ៏កាចសាហាវនេះ អាចមានចំនួនខ្ពស់ជាងស្ថិតិផ្លូរការពី២ទៅ៣ដង។
នៅរដ្ឋធានីវ៉ាស៊ីនតោន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានស្នើផែនការសង្គ្រោះមួយ ដែលមានទំហំទឹកប្រាក់៥០ពាន់លានដុល្លារ ជាមួយគោលបំណងចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច៦០% នៃចំនួនប្រជាជនសរុបទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០២២។
ទំហំទឹកប្រាក់នេះគឺតិចតួចណាស់ បើធៀបទៅនឹងកញ្ចក់ថវិកាច្រើនសន្ធឹកសន្ធាប់ដែលដាក់ចេញដោយបណ្ដាប្រទេសអ្នកមាន ដោយក្នុងនោះរួមមានទាំងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច១,៩ទ្រីលានដុល្លាររបស់សហរដ្ឋអាមេរិកផងដែរ។
នៅទីក្រុងរ៉ូម កិច្ចប្រជុំកំពូលសុខាភិបាលពិភពលោក (Global Health Summit) ដែលជាផ្នែកមួយ នៃកិច្ចពិភាក្សារបស់ក្រុមប្រទេស G20 ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ ឈានមុខគេដូចជាក្រុមហ៊ុន Pfizer ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Johnson Johnson បានសន្យាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ចំនួន៣,៥ពាន់លានដូស ដោយបញ្ចុះតម្លៃពិសេស ដល់បណ្ដាប្រទេសមានប្រាក់ចំណូលមធ្យម និងប្រទេសមានប្រាក់ចំណូលទាបនៅឆ្នាំនេះ និងឆ្នាំក្រោយ។
សហភាពអឺរ៉ុប បានសន្យាផ្ដល់វ៉ាក់សាំងចំនួន១០០លានដូស និងវិនិយោគលើរោងចក្រផលិតវ៉ាក់សាំងនៅអាហ្វ្រិក ដើម្បីកាត់បន្ថយការពឹងផ្អែកលើវ៉ាក់សាំងនាំចូល។ ប្រទេសអាល្លឺម៉ង់ បានសន្យាបរិច្ចាគវ៉ាក់សាំងចំនួន៣០លានដូស ដល់បណ្ដាប្រទេសក្រីក្រនៅឆ្នាំនេះ៕